កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដូសទី២ ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ និងនាំអំណោយរបស់រដ្ឋបាលខេត្ត ផ្ដល់ជូនក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ច ។

អំណោយរបស់រដ្ឋបាលខេត្ត ដែលលោកអភិបាលខេត្ត បានផ្ដល់ជូនដល់ក្រុមគ្រូពេទ្យយោធភូមិភាគ២ និងក្រុមគ្រូពេទ្យកងវិស្វកម្មក្រសួងការពារជាតិ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ដោយក្នុង ១ស្រុកទទួលបាន ៖ អង្ករចំនួន ២០០ គីឡូក្រាម, ម៉ាស់ចំនួន ១០.០០០ ម៉ាស់ ,មី ចំនួន ២០ កេស, អាល់កុល ចំនួន ៣ កេស , ជែល ចំនួន ៥ កេស, ទឹកសុទ្ធចំនួន ២០កេស ។

សូមរំលឹកផងដែរថា រដ្ឋបាលខេត្តកំពង់ចាម បានដំណើរការយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដូសទី២ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងស្រុកចំនួន៤ ក្រុង១ នឹងត្រូវបញ្ចប់យុទ្ធនាការនេះ នៅត្រឹមពាក់កណ្ដាល ខែសីហា ខាងមុខនេះ ។ ចំណែកស្រុកចំនួន ៥ ទៀត កំពុងដំណើរការចាក់វ៉ាក់សាំង ដូសទី១ ជូនប្រជាពលរដ្ឋ ។


