Covid-19

សម្ដេចតេជោ ចាត់ទុកការត្រៀមមឈូស សម្រាប់អ្នកជំងឺកូវីដ គឺជាការគោរពដល់សព (Video)

ភ្នំពេញ៖ ឆ្លើយតបទៅនឹងមតិរិះគន់ ជុំវិញវិធានការត្រៀមក្ដារមឈូស សម្រាប់ដាក់សព អ្នកជំងឺកូវីដ១៩ នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ទោះអ្នកណាចង់ថាយ៉ាងណា ប៉ុន្តែសម្ដេច ចាត់ទុកគឺជាការគោរព ដល់សព ដែលបានស្លាប់ទៅហើយ អោយស្របទៅតាមទំនៀមទម្លាប់ ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអ្នកពាក់ព័ន្ធ អាជ្ញាធរ រាជធានី-ខេត្ត ្រមមូលទិញមឈូស និងយកឈើខុសច្បាប់ ដែលបង្ក្រាបបានពីឈ្មួញ នាពេលកន្លងមក ធ្វើជាក្ដារមឈូស ទុកដាក់អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ សម្រាប់បូជា និងបញ្ចុះឲ្យបានត្រឹមត្រូវ។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា « ការរៀបចំ មឈូស ដែលគេចាត់ទុកជាការប្រមាថ តែខ្ញុំចាត់ទុកថា ជាការគោរពរបស់ខ្ញុំ ចំពោះសាកសពទាំងឡាយ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩»។

សម្ដេចមិនចង់ឃើញប្រជាជនណាម្នាក់ នៅពេលដែលទទួលមរណភាព ដោយកូវីដ១៩ បែរជារុំនឹងកន្ទេលហើយយកទៅកប់ដោយគ្មានក្ដារមឈូស ឬយកទៅដុតទាំងគ្មានក្ដារមឈូសនោះទេ។

To Top