ព័ត៌មានជាតិ

សម្ដេចតេជោ តបវិញថា មរតក សម្ដេច មិនត្រឹមវ៉ាក់សាំងប៉ុណ្ណោះទេ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបអ្នករិះគន់ថា មរតករបស់ សម្ដេច មិនមែនមានត្រឹមវ៉ាក់សាំងនោះទេ មរតក សម្ដេច បានយកប្រជ ជនចេញពីការស្លាប់ ថ្ងៃ៧ មករា ១៩៧៩។

ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា (AstraZeneca) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះតម្លៃណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវសម្រេចឲ្យបាននូវការចាក់វ៉ាក់សាំងជូនប្រជាជន ដែលដល់អាយុត្រូវចាក់។ សម្ដេចថា ពិភពលោក ក៏ដូចជា កម្ពុជា នៅតែសង្ឃឹមលើករណីវ៉ាក់សាំងតែប៉ុណ្ណោះ។

សម្ដេចតេជោ មានប្រសាសន៍ថា «មានអ្នកខ្លះធ្វើអត្ថាធិបាយថា ប្រហែលជាមរតកធំបំផុតរបស់ ហ៊ុន សែន គឺវ៉ាក់សាំង។ ក៏ប៉ុន្ដែខ្ញុំសូមបញ្ជាក់ ត្រឡប់ទៅវិញ មរតក ហ៊ុន សែន មិនមែនមានត្រឹមវ៉ាក់សាំងនោះទេ មរតក ហ៊ុន សែន បានយកប្រជា ជនចេញពីការស្លាប់ នៃថ្ងៃ៧ មករា ១៩៧៩។ មរតក ហ៊ុន សែន បានយកប្រជាជនកម្ពុជាចេញផុតពីសង្គ្រាម នាំមកនូវ សន្ដិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ»។

សម្ដេចតេជោ បន្ដថា មរតករបស់ សម្ដេច នៅមានច្រើនទៀត ប៉ុន្ដែអ្វីដែលសំខាន់នោះ សុខមាភាពរបស់ប្រជាជន និងជីវិតរ បស់ប្រជាជនត្រូវបានធានា ហើយជីវិតដំបូងបំផុតមិនមែនសិទ្ធិបញ្ចេញមតិ ឬប្រជាធិបតេយ្យទេ គឺសិទ្ធរស់រានមានជីវីត ដែលត្រូវតែទទួលបានមុនគេ។

សម្ដេចតេជោ បញ្ជាក់បន្ដែមថា «ដូច្នេះទោះបីអ្នកណា និយាយពីអី ក៏និយាយចុះទិចទាញច្បាប់កម្ពុជា ក៏ទិចទាញទៅចុះ តែច្បាប់របស់កម្ពុជា ធ្វើដើម្បីការពារជីវិតមនុស្ស អ្នកចង់និយាយពីអ្វី គឺនិយាយតាមអ្នកចិត្តចង់ ក៏ប៉ុន្ដែអ្វីដែលខ្ញុំ បាននិងកំពុងធ្វើ គឺការពារជិវីតប្រជាជនកុំឲ្យស្លាប់។ ទោះបីយើងខិតខំការពារ ក៏ប៉ុន្ដែយើងមិនអាចឃាត់នូវមនុស្សមិនឲ្យស្លាប់បានទេ រាប់ទាំងខ្លួនខ្ញុំផងដែរ»៕

To Top