ព័ត៌មានជាតិ

អាជ្ញាធរបំភ្លឺក្រោយចោទថា ចាប់ខ្លួនស្រ្តីម្នាក់ដាក់គុក បន្ទាប់ពីលួចទឹកដោះគោ មួយកំប៉ុងឲ្យជីដូន (Video)

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយបំភ្លឺ ក្នុងករណីមានការលើកឡើងថា គ្រាន់តែស្រ្តីម្នាក់លួចទឹកដោះគោ មួយកំប៉ុងឲ្យយាយឈឺ ចាប់វាយខ្នោះដាក់គុក ។ នេះបើយោងតាមការចេញផ្សាយ របស់ស្នងការខេត្តកណ្តាលនាថ្ងៃ២៦ កក្កដា។

ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ រាជានុសិទ្ធ រាជ បានបង្ហោះផ្សព្វផ្សាយរូបភាព និងខ្លឹមសារថា លួចទឹកដោះគោ ១កំប៉ុងយកឲ្យយាយឈឺនៅផ្ទះ ត្រូវចាប់វាយខ្នោះចូលគុក បទល្មើសធ្ងន់ណាស់មែនទេ?។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យក្រុមការងារប្រតិកម្មរហ័សខេត្ត ធ្វើការស្រាវជ្រាវឆ្លើយតប បំភ្លឺករណីខាងលើ។

ចំពោះករណីអំពើលួច នេះពិតជាមានមែន កើតហេតុកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី នៅចំណុចផ្សារឡាក់គីភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដែលបុគ្គលឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបន្លំលួចម្សៅទឹកដោះគោ១កំប៉ុង ដើម្បីយកទៅឲ្យជីដូនដែល ឈឺហូបបាយមិនកើតនៅផ្ទះ តែត្រូវសន្តិសុខផ្សារឡាក់គី ឃើញក៏បានឃាត់ខ្លួន ឲ្យសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ ប៉ុន្តែមិនមានចំណាត់ការផ្លូវច្បាប់ ដែលយកបុគ្គលឈ្មោះ យ៉ា ស្រីដា ទៅដាក់ទោសនោះទេ។

លើសពីនោះទៀត បន្ទាប់ពីពិនិត្យលទ្ធភាពជាក់ស្តែង និងដោយក្តីអាណិតអាសូរ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានអប់រំឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយក្នុងនោះដែរ លោកព្រះរាជអាជ្ញា បានឧបត្ថម្ភថវិកា ចំនួន១៥០ដុល្លារ បន្ថែម ដើម្បីយកទៅទិញទឹកដោះគោ ឲ្យជីដូនដែលកំពុងមានជម្ងឺ។ ដែលវាផ្ទុយពីការពិតដែលសាសាធារណជន និងបណ្តាញសង្គមមួយចំនួនមានការភាន់ច្រឡំថា ជាការអនុវត្តច្បាប់តឹងរ៉ឹង ចំពោះបុគ្គលដែលលួចម្សៅដោះគោនោះ ៕

To Top