ភ្នំពេញ ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំបុគ្គលិកប្រមាណ២០នាក់ រួមគ្នាជាមួយប្រជាសហគមន៍ នេសាទព្រែកត្នោត និងមានការគាំទ្រ ពីមន្ទីរបរិស្ថានខេត្តកំពត ក្នុងរៀបចំយុទ្ធនាការ ដាំដើមកោងកាង ចំនួន១០០០ដើម នៅក្នុងដែនការពារ របស់សហគមន៍នេសាទ ព្រែកត្នោត ខេត្តកំពត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ។




នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំយុទ្ធនាការ ដាំដើមកោងកាង នៅខេត្តកំពត ក្នុងគោលបំណង ដើម្បីជម្រុញការចូលរួម ពីសាធារណជនគ្រប់ទិសទី ជាពិសេសវិស័យ ឯកជនឱ្យ ចូលរួមថែរក្សា និងការពារព្រៃកោងកាង ដែលជាជម្រកដ៏សំខាន់ របស់ជីវចម្រុះ និងជាធនធាន ដ៏ចម្បងមួយ ដែលរក្សានូវតុល្យភាព ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន ។ ជាងនេះទៅទៀត យើងធ្វើឡើង ដើម្បីអបអរសាទរ ទិវាព្រៃកោងកាងពិភពលោក ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះផងដែរ ។




ស្ថិតក្នុងឱកាសនេះ លោក ជុនហៀង ថាវសិទ្ធ អនុប្រធានធុរកិច្ច នៃក្រុមហ៊ុនទឹកពិសាវីតាល់ បានលើកឡើងថា ព្រៃកោងកាង មិនត្រឹមតែផ្តល់ ផលប្រយោជន៍យ៉ាងមហាសាល សម្រាប់បរិស្ថាន និងសេដ្ឋកិច្ច របស់ប្រជានេសាទ ដែលរស់នៅតំបន់ជុំវិញ នោះប៉ុណ្ណោះទេ ថែមទាំងមានតួនាទី ជារបាំងការពារខ្យល់ព្យុះ នៅតាមឆ្នេរសមុទ្រ ហើយក៏ផ្តល់នូវជម្រក ដល់ធនធានចម្រុះនៅក្នុងទឹក ដែលជាប្រភពទាក់ទាញភ្ញៀវ ទេសចរបានទៀតផង។



លោកបន្តទៀតថា “ការរួមគ្នាដាំដើមកោងកាងនៅថ្ងៃនេះ បង្ហាញអំពីស្មារតីរួបរួម នៃមនុស្សជាតិ ដើម្បីលើកកម្ពស់បរិស្ថាន និងបង្កើតឲ្យមានការចង់ចាំ ដ៏ប្រពៃអំពីការបតស្នង របស់មនុស្សជាតិ ចំពោះបរិស្ថានវិញ ។”



លោក ដៅ សុទ្ធ តំណាងប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ការដាំដើមកោងកាង នៅថ្ងៃនេះ ជាការចូលរួមចំណែកដ៏សំខាន់ ពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងការជួយអភិរក្សព្រៃកោងកាង និងរួមគ្នាថែរក្សាលើកកម្ពស់បរិស្ថាន ។ លោកសង្ឃឹមថា សកម្មភាពនេះនឹងជំរុញ និងកៀរគរការចូលរួមវិភាគទាន ពីសំណាក់សាធារណជន ទូទៅ ក្នុងការរួមគ្នាអភិរក្ស ព្រៃកោងកាង បន្តទៅទៀត ក្នុងន័យគាំទ្រសហគមន៍ នេសាទព្រែកត្នោត ដែលកំពុងតែត្រូវការជំនួយ ពីយើងទាំងអស់គ្នា ។



គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ បានតែងតែចូលរួមក្នុងសកម្មភាពសង្គម និងសប្បុរសធម៌ជាច្រើន ក្នុងនោះ មានដូចជាការដាំដើមឈើ ការផ្តល់អំណោយសប្បុរសធម៌ ការឧបត្ថម្ភកម្មវិធី និងការៀបចំកម្មវិធីផ្សេងៗទៀតជាច្រើនដើម្បីសង្គម ។



វីតាល់ ជាក្រុមហ៊ុនក្នុងស្រុក ដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ចំពោះការងារសប្បុរសធម៍ និងសង្គម អស់រយៈជាង១០ឆ្នាំ មកហើយ ។ ក្រុមហ៊ុនក៏បានអំពាវនាវ ដល់សាធារណជន យុវជនសម័យថ្មី និងវិស័យឯកជននានា ឱ្យចូលរួមយល់ដឹង អំពីអត្ថប្រយោជន៍ ដ៏វិសេសរបស់ដើមកោងកាង និងបន្តរួមគ្នាដាំដើមកោងកាង ឱ្យបានច្រើន ព្រមទាំងថែរក្សាព្រៃនេះ ឱ្យបានគង់វង្សយូរអង្វែងជានិរន្តតទៅ ដើម្បីប្រយោជន៍សហគមន៍ និងបរិស្ថានទាំងមូល ៕



