ព័ត៌មានជាតិ

មីជាតិ​ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ នៅវត្តព្រែកអំពិល ខេត្តកំពត

ភ្នំពេញ ៖ មីជាតិ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តព្រែកអំពិល ដែលស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១ ។

កម្មវិធីនេះ ធ្វើឡើងស្របតាមការចូល មកដល់នៃពិធីបុណ្យចូលព្រះវស្សា ដែលប្រជាជនខ្មែរ និយមយកនូវវស្សិកសាដក (សំពត់សំរាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដក ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈ និងអាហារផ្សេងៗទៀត តាមលទ្ធភាព ដើម្បីប្រគេនព្រះសង្ឃ ដែលនឹងគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងវស្សានរដូវ ។ ពាក្យថា វស្សាមកអំពីពាក្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល ៤ខែ គឺរាប់ ពីថ្ងៃ១រោច ខែអាសាធ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក រយៈពេលនោះឯងហៅថាវស្សានរដូវ ។

លោក ហុង សុវណ្ណ តំណាងផ្នែកទីផ្សារ បានមានប្រសាសន៍ថា មីជាតិ តែងយកចិត្តទុកដាក់ទៅលើសកម្មភាព ចូលរួមសង្គម សាសនា និងវប្បធម៌ ក្នុងគោលបំណងជួយ សម្រួលទៅដល់គោលដៅ អភិវឌ្ឍន៍សង្គមជាតិ ។ ជាពិសេសអំឡុង ពេលការរីករាលដាល នៃកូវីដ១៩ ប្រជាជនភាគច្រើន បានអនុវត្តវិធាន សុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងនៃជំងឺកូវីដ១៩ ដែលជាកត្តានាំឲ្យទីវត្តអារាមមួយចំនួនមានការខ្វះខាត ។ ហេតុដូចនេះទើប
ក្រុមហ៊ុនមីជាតិបានរៀបចំនាំយកទៀន ចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ដើម្បីវេរប្រគេនព្រះសង្ឃក្នុង គោលបំណងចូលរួមសម្រួល ដល់ស្ថានការណ៍លំបាករបស់វត្ត ។

សម្រាប់គ្រឿងរណ្តាប់ ដែលបាននាំយកប្រគេន ព្រះសង្ឃរួមមាន១៧មុខ ដូចជាទានព្រះវស្សា ស្លាដក អង្ករ មីជាតិ ត្រីខកំប៉ុង ទឹកវីតាល់ តែ កាហ្វេ ស្ករស អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងកាត អាកុល ម៉ាស់ ឆៃប៉ូវ និងថ្នាំសង្កូវជាច្រើនមុខ ។ ពិធីបុណ្យចូលព្រះវស្សាឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២១នេះ ក្នុងកាលកំណត់រយៈពេល ៤ខែ គឺរាប់ពីថ្ងៃ១រោច ខែទុតិយាសាឍ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក ជាអំឡុងពេល នៃរដូវធ្លាក់ភ្លៀង ដែលព្រះសង្ឃត្រូវគង់ចាំព្រះវស្សា ក្នុងទីអារាមតាមកាលកំណត់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top