ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋបន្ដចូល រួមសហការជាមួយអាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមមូលដ្ឋាន។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមចំណុះឲ្យ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស (គ.ជ.ប.ជ) ទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ពិសេស ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ដ៏គ្រោះថ្នាក់ទាំងនៅកម្ពុជា និងក្រៅប្រទេស ធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា អាចសម្រេចបាននូវភារកិច្ចបំរើជាតិ និងប្រជាជន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
សម្ដេច មានប្រសាសន៍ថា «ខ្ញុំក៏សូមអំពាវនាវបងប្អូនជនរួមជាតិ បន្តចូលរួមសហការជាមួយអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធទាំងអស់ នៅក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ នៅតាមមូលដ្ឋានរបស់បងប្អូន តាមរយៈការមិនប្រព្រឹត្តអំពើល្មើស ការរាយការណ៍អំពីអំពើល្មើស និងការចូលរួមផ្សព្វផ្សាយ ពន្យល់ អប់រំណែនាំដល់សាច់ញាតិ បងប្អូន អ្នកភូមិផងឱ្យមានការយល់ដឹងពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ដែលស្ដែងឡើងតាមរយៈអាពាហ៍ពិពាហ៍មិនស្របច្បាប់ទៅក្រៅប្រទេស ការធ្វើចំណាកស្រុកខុសច្បាប់ និងការប្រើឧបាយកលទុច្ចរិតអូសទាញ ឃោសនា ក្រោមរូបភាពផ្សេងទៀតរបស់ជនល្មើស»។
សម្ដេច បន្ថែមថា ឆមាសទី១ ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានល្បាតឃ្លាំមើលគោលដៅ សង្ស័យមានសកម្មភាពអាជីវកម្មផ្លូវភេទបាន ចំនួន១.០៧៤លើក លើគោលដៅ៣១៨គោលដៅ មានចំនួនមនុស្សសរុបចំនួន១.២៤៩នាក់ក្នុងនោះមានស្រ្តី ១.០៣៦នាក់ និងបានធ្វើសកម្មភាពបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ តាមគោលដៅបម្រើសេវាកំសាន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ចសន្យាហាមឃាត់ ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុងហាងម៉ាស្សា និងខារ៉ាអូខេ។
សម្ដេច ស ខេង ក៏បានលើកឡើងទៀតថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានប្រមូលទិន្នន័យជាប្រចាំរបស់រដ្ឋបាលរាជធានី ខេត្ត នូវចំនួនពលករ វិលត្រឡប់ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ ១៩ សរុបប្រមាណ ៦៣.២៦៩នាក់ មានស្រ្តីប្រមាណ ២៧.១៦២នាក់។
ជាមួយគ្នានេះដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំខែ ចំពោះពលករចំណាកស្រុក ត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួន ១៥០.៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី៥៤.៥៥៦នាក់ និង អនីតិជន៥៦៤នាក់ មានស្រី១៥៧នាក់៕