ព័ត៌មានជាតិ

សម្ដេចតេជោ ប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយជប៉ុន ក្នុងឱកាសកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប(Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយជប៉ុន ក្នុងឱកាសប្រទេ សកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប (ASEM) តាមរយៈប្រព័ន្ធវិដេអូ នាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

សម្ដេចតេជោ លើកឡើងបែបនេះ ក្រោយពី លោក ស៊ូហ្គា យ៉ូស៊ីហ៉ីដេ នាយករដ្ឋមន្រ្តីជប៉ុន បានប្តេជ្ញាសហការជាមួយប្រទេសកម្ពុជា ដើម្បីភាពជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) និងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមរយៈសារថ្លែងអំណរគុណ នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំទន្ទឹងរង់ចាំបំពេញការងារ យ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ទាំងនៅក្នុងប្រកខណ្ឌទេ្វភាគី និងទាំងក្របខណ្ឌពហុភាគី ជាពិសេស នៅក្នុងឱកាសកិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលនឹងត្រូវរៀបចំតាមរយៈប្រព័ន្ធវិដេអូ នៅវិច្ឆិកា ឆ្នាំនេះ និងនៅក្នុងឱកាសកម្ពុជាធ្វើជាប្រធានប្ដូរ វេនអាស៊ាន នៅឆ្នាំក្រោយ ដើម្បីជាប្រយោជន៍ទៅវិញ ទៅមកនៃប្រជាជាតិ និងប្រជាជនយើង»។

តាមរយៈសារលិខិតមួយផ្ញើទៅកាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលថ្មីៗនេះ លោក ស៊ូហ្គា យ៉ូស៊ីហ៉ីដេ បានលើកឡើងថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅក្នុងខែវិច្ឆិកា ឆ្នាំនេះ ហើយនឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅឆ្នាំក្រោយ។ នៅពេលដែល សម្ដេចតេជោ នាយករដ្ឋ មន្ដ្រីបំពេញតួនាទីដ៏សំខាន់ជាប្រធានអង្គប្រជុំ លោកនឹងចូលរួមសហការឲ្យអស់ពីសមត្ថភាព ដើម្បីភាពជោគជ័យនៃកិច្ចប្រជុំ ទាំងនេះ។

សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នាថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដែលនឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ ត្រូវ បានអូសអន្លាយរហូតមក ហើយកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ មានការចូលរួមផ្ទាល់ពីសំណាក់បណ្តាក្រុមមេដឹកនាំកំពូលៗមកពីអាស៊ី និងអឺរ៉ុបសរុបចំនួន៥៣ប្រទេស ក្នុងនោះ២១ប្រទេសមកពីអាស៊ី និង៣០ប្រទេសមកពីអឺរ៉ុបព្រមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប៕

To Top