ព័ត៌មានជាតិ

សន្និសិទ សហគ្រិនកសិកម្មកម្ពុជា នឹងចាប់ផ្តើម នាថ្ងៃទី២៨ខាងមុខនេះ ក្រោមប្រធានបទ គំនិតច្នៃប្រឌិត នៃកសិកម្ម សម្រាប់ការរីកចម្រើន ប្រកបដោយចីរភាព

ភ្នំពេញ៖ ក្រុមការងារកម្មវិធី Entrepreneur Square នៃសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ នៅឆ្នាំនេះនឹងរៀបចំ​ សន្និសិទសហគ្រិនកសិកម្មកម្ពុជា នៅថ្ងៃទី២៨ ខៃកក្កដា ខាងមុខគ្នា អមជាមួយនឹងវាលគ្មិនល្បីៗ និងពោរពេញ ទៅដោយចំណេះដឹង និងបទពិសោធន៍ ក្នុងវិស័យកសិកម្ម។

សន្និសិទសហគ្រិនកសិកម្មកម្ពុជា សន្និសិទដែលរៀបចំឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ និងសហការណ៍រៀបចំដោយ សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) និង សមាគមអ្នកផលិត​ចំណីអាហារកម្ពុជា (Cambodia Food Manufacture Association) ។ សន្និសិទនេះនឹងប្រព្រឹត្តឡើង នៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ វេលាម៉ោង ៨:៣០ព្រឹក តាមរយៈ ZOOM ក្រោមប្រធានបទ“ គំនិតច្នៃប្រឌិត នៃកសិកម្មសម្រាប់ការរីកចម្រើន ប្រកបដោយចីរភាព”។

កម្មវិធី Entrepreneur Square ក៏បានអនុវត្តន៍ នូវបេសកកម្ម JCI Rise ដោយបានលើកស្ទួយ និងជួយក្នុងការស្តារឡើងវិញ នៃអាជិវកម្មនានា ក្នុងកំឡុងពេលកូវីត១៩ និងជាជំនួយនូវផ្នែកបច្ចេកទេស និងចំណេះដឹង ដើម្បីជម្រុញអាជីវកម្ម របស់ខ្លួនបន្តទៅមុខ ដោយចីរភាព។

គួរបញ្ជាក់ផងដែរ សន្និសិទសហគ្រិនកសិកម្មកម្ពុជា រយៈពេលបីម៉ោងកន្លះនេះ អ្នកចូលរួម នឹងទទួលបានចំណេះដឹងថ្មីៗ ដែលអាចយកទុកជាទុន ក្នុងថ្ងៃមុខបាន រួមមាន៖
១- ផ្លាស់ប្ដូរគំនិតថ្មីៗ ទាក់ទងនឹងព័ត៌មាន គោលនយោបាយរាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ត ២០២០-២០៣០ និន្នាការនៃទីផ្សារ។
២-ផ្ដល់ឱកាស ដើម្បីគាំទ្រកម្មវិធីនានា ​ទាំងរបស់រដ្ឋ និងឯកជន រួមមានការជួយ ផ្នែកបច្ចេកទេស ដើម្បីពន្លឿនអាជីវកម្ម របស់សហគ្រិនកសិកម្ម។

អ្វីដែលពិសេសនោះគឺ កម្មវិធីនេះត្រូវបានគាំទ្រ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានកសិកម្ម, សហគ្រិនខ្មែរ (Khmer Enterprise) , FEED THE FUTURE, USAID, Australian Aid និង Cambodia Agricultural Value Chain Program(CAVAC)។

មិនតែប៉ុណ្ណោះ កម្មវិធីនេះត្រូវបានបែងចែកជា ៤ ផ្នែករួមមាន៖
១- ដំណើរការ បញ្ហា និងឱកាសសម្រាប់ វិស័យកសិកម្មកម្ពុជា
២-គោលនយោបាយអភិវឌ្ឍន៍ កសិកម្មរបស់រាជរដ្ឋាភិបាលឆ្នាំ ២០៣០ និងលខ័ណ្ឌតំរូវភូតគាមអនាម័យ សំរាប់នាំចេញកសិកផល
៣-ករណីផ្សេងៗរបស់ធុរៈកិច្ច កសិកម្ម មេរៀន ឧបសគ្គ និងដំណើរឆ្ពោះតទៅមុខ
៤-កញ្ចប់ជំនួយគាំទ្រ ដល់សហគ្រិនកសិកម្មកម្ពុជា

សន្និសិទសហគ្រិនកសិកម្មកម្ពុជានេះ មានការចូលរួមក្រោម អធិបតីដ៏ខ្ពង់ខ្ពស់ នៃវាគ្មិនកិត្តិយសរបស់យើង ដែលនឹងឡើងបកស្រាយ ប្រធានបទ ទាំង៤នោះមានដូចជា៖

• លោក ស្រី វុទ្ធី ដែលជារដ្ឋលេខានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
•​ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃ សហគ្រិនខ្មែរ(Khmer Enterprise)
• បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ ដំណាំ អនាម័យ និងភូតគាមអនាម័យ
• លោក ឡៅ ប៉ូលីវេត អនុប្រធាននាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ នៃអគ្គនាយកដ្ឋានគោលនយោបាយ
• លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
• លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា
• លោក ដួង សារ៉ាក់ ប្រធាន Agribusiness of IFC-Asia Pacific
• កញ្ញា ជឺ ពន្លឺ ដែលជាប្រធាន Agricultural Competitiveness Lead, CAVAC
•​ អ្នកស្រី អ៊ិត កល្យាណ ដែលជា អនុប្រធានគម្រោងហាវែសII​ របស់​ USAID

សន្និសិទមួយនេះ នឹងត្រូវបានប្រារព្ធឡើង ក្នុងពេលឆាប់ៗនេះ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ JCI Phnom Penh៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top