នយោបាយ

បំពេញបែបបទ ត្រឹមត្រូវចុះបញ្ជី ជាផ្លូវការហើយ លោក ប៉ុល ហំម នឹងក្លាយជាប្រធាន គណបក្សកែទម្រង់កម្ពុជា(Video)

ភ្នំពេញ ៖ លោក អ៊ូ ច័ន្ទរ័ត្ន តំណាងគណបក្សកែទម្រង់កម្ពុជា បានឲ្យដឹងថា លោក ប៉ុល ហំម នឹងក្លាយជាប្រធាន គណបក្សកែទម្រង់កម្ពុជា ក្រោយការបំពេញ បែបបទត្រឹមត្រូវ ចុះបញ្ជីជាផ្លូវការ នៅក្រសួងមហាផ្ទៃ ។

លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៧ កក្កដា ថា ក្រោយពីក្រសួងមហាផ្ទៃ អះអាងថា គណបក្សកែទម្រង់កម្ពុជា បានធ្វើសកម្មភាព នយោបាយបំពានច្បាប់ ដោយសារ ពុំទាន់បានចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយ នៅក្រសួងជាផ្លូវការ នៅឡើយនោះ គណបក្សនឹងបំពេញឯកសារពាក់ព័ន្ធដាក់ទៅក្រសួង ដើម្បីចុះបញ្ជីជាផ្លូវការ នៅចុងសប្តាហ៍នេះហើយ ។

លោកថា ក្រោយក្រសួង អនុញ្ញាតឲ្យចុះបញ្ជីជាផ្លូវការហើយ បើតាមគម្រោងគណបក្ស នឹងធ្វើសមាជនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ខាងមុខ ហើយប្រកាសទទួលស្គាល់លោក ប៉ុល ហំម ជាប្រធានគណបក្សតែម្តង។

លោកបញ្ជាក់ថា “ឯកឧត្តម ប៉ុល ហំម យើងបានសម្រេចជារួមពីស្ថាបនិកទាំងអស់ ហើយសូមអញ្ជើញឯកឧត្តម ប៉ុល ហំម មកធ្វើជាប្រធានគណបក្ស ហើយលោកក៏បានទទួលមូរមាត់អី ជាមួយគ្នាហើយដែរ” ។

លោកអ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ពីមូលហេតុ នៃការជ្រើសយកលោក ប៉ុល ហំម ធ្វើជាប្រធានគណបក្ស ដោយ សារលោក ប៉ុល ហំម មានលក្ខណៈសម្បត្តិ ជាអ្នកដឹកនាំ ជាមនុស្សចាស់ទុំ មានភាពស្អាតស្អំ ក្នុងការដឹកនាំបក្សប្រឆាំង ធ្វើនយោបាយ បន្ទាប់ពីលោក សម រង្ស៊ី និងលោក កឹម សុខា ។ ម្យ៉ាងទៀត លោកមិនមែនជាមនុស្សជ្រុលនិយម និយាយរួមលោក ប៉ុល ហំម ជាអ្នកឈរលើគោលការណ៍កណ្តាល ។

សូមបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជា សរសេរជាអក្សរកាត់ «គកក» និងឈ្មោះជាអក្សរឡាតាំង «CAMBODIA REFORM PARTY» មានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top