ព័ត៌មានជាតិ

កងទ័ពរំដោះប្រជាជនចិន នឹងបន្តធ្វើជាកម្លាំង គាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ សម្រាប់កម្ពុជា (Video)

ភ្នំពេញ៖ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិន ប្រចាំកម្ពុជាបានថ្លែងថា កងទ័ពយោធាចិននឹងបន្តធ្វើជាកម្លាំង គាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់កម្ពុជា នឹងសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីរួមចំណែកកាន់តែធំធេង ក្នុងការជំរុញកិច្ចកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជានិងការពារសន្តិភាព ក្នុងតំបន់ក៏ដូចជាលើពិភពលោក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា។


ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន
នាថ្ងៃទី២៧ ខែកក្កដា លោក Li Jingfeng មានប្រសាសន៍ថា ឆ្នាំ២០២១នេះ យើងបានអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន។ គណបក្សកងទ័ពរំដោះប្រជាជនចិន ត្រូវបានបង្កើតឡើង ការបណ្តុះបណ្តាលបក្សអភិវឌ្ឍរឹងមាំ ការដឹកនាំបក្សលើយោធាដោយភាពម៉ឺងម៉ាត់ គឺជាមូលដ្ឋានគ្រឹះនៃការបង្កើត និងជាដួងព្រលឹងដ៏អង់អាច នៃកងទ័ពរំដោះប្រជាជនចិន។ កងទ័ពយោធាចិន នឹងបន្តផ្តល់ការជ្រោមជ្រែង ជាយុទ្ធសាស្រ្តសម្រាប់ការស្តារឡើងវិញ នៃប្រជាជាតិចិនដ៏មហិមា។

ចាប់តាំងពីមានការផ្ទុះ ឡើងនូវជំងឺវីរុសមក កងទ័ពយោធាចិនបានផ្តល់ជំនួយ យ៉ាងច្រើនដល់ប្រទេសជិតខាង ក៏ដូចជាកងទ័ពយោធា នៃប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បានយកសកម្មភាពជាក់ស្តែងមកបង្ហាញ ពីទំនួលខុសត្រូវនៃប្រទេសធំនៅក្នុងយុគសម័យថ្មីនេះ។ ជម្នះរាល់ហានិភ័យ និងបញ្ហាប្រឈមផ្សេងៗ កិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពយោធាចិន និងកម្ពុជាបានបោះជំហានដល់កម្រិត ថ្មីមួយទៀតក្នុងស្ថានភាពដែលទទួលរងការញាញីពីជំងឺវីរុស។


ចំណែក លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស និងជានាយកនៃនាយកដ្ឋានទាក់ទងអន្តរជាតិ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះ សមិទ្ធផលរបស់កងទ័ពរំដោះ ប្រជាជនចិនក្នុងការកសាងនិងអភិវឌ្ឍអស់រយៈពេល ៩៤ឆ្នាំ កន្លងមកនេះហើយលោក ក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសនិងកងទ័ពទាំងពីរ។ លោកក៏បានសម្តែងនូវក្តីក្រៀមក្រំចំពោះ គ្រោះទឹកជំនន់ដែលបានវាយប្រហារនៅក្នុងខេត្ត Henan ប្រទេសចិន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះការគាំទ្រ និងជំនួយរបស់ភាគីចិន មកកាន់កម្ពុជារយៈពេលវែង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top