Covid-19

កម្ពុជា ជឿជាក់ថា ចិន កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា អំឡុងពេល និងក្រោយកូវីដ-១៩ (Video)

ភ្នំពេញ៖ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានជឿជាក់ថា ចិន កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អំឡុងពេល និងក្រោយកូវីដ-១៩ ខណៈកម្ពុជា ប្រកាន់ខ្ជាប់គោលនយាបាយចិនតែមួយ។

ក្នុងពិធីបើកវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាល កម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក ប៊ិន ឈិន បានថ្លែងថា មិនថា ក្នុងកាលៈទេសៈ បែបណាទេ ចិនតែងផ្តល់ការជ្រោមជ្រែង និងគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍដោយសមស្រប ទៅនឹងស្ថានភាពរបស់ប្រទេសខ្លួន ជាពិសេស ផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ។

លោក បន្ដថា សហគ្រាសចិ នក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងស្ពាន និងផ្លូវថ្នល់នៅកម្ពុជា ដែលជាការរួម វិភាគទាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-ចិន កំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ទំនាក់ទំនងនេះ ក្លាយជាគំរូ នៃការរួមរស់ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោកបន្ថែមថា ក្នុងស្ថានភាពដ៏លំបាកនាពេលនេះ ដែលបង្កឡើងពីការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចិនបានរួមចំណែកយ៉ាងសកម្ម ក្នុងការរួមសហការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ដោយបានផ្គត់ផ្គង់វ៉ាក់សាំង ដល់កម្ពុជាយ៉ាងទៀងទាត់ និងទាន់ពេលវេលា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដែលនឹងអាចឈានទៅចាក់ ជូនប្រជាពលរដ្ឋបានទូទាំងប្រទេស នាឆ្នាំ២០២២ ខាងមុខ។

លោក ប៊ិន ឈិន បញ្ជាក់ថា «ខ្ញុំជឿជាក់ថា ប្រទេសចិន ក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ ផងដែរ។ ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ»។

លោកលើកឡើងទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងឈរលើមូលដ្ឋាន នៃការគោរពអធិបតេយ្យ និងមិនជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍ គ្នាទៅវិញ ទៅមក។ លោកថា កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោល ជំហរគោរពគោលនយាបាយចិនតែមួយ និងគាំទ្រគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីឈានទៅតភ្ជាប់ បណ្ដាប្រទេសក្នុងតំបន់ អាស៊ីទាំងមូល។

ឆ្លៀតឱកាសនោះដែរ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បានអំពាវនាវឲ្យអ្នកតំណាងនៃស្ថាប័នរដ្ឋ, គ្រឹះស្ថានស្រាវជ្រាវ, ពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាំងពីរ ខិតខំរួមគ្នារៀបចំគោលនយោបាយ និងទាញយកផលប្រយោជន៍ជូនប្រជាជន និងប្រទេសទាំងពីរ ពីឱកាសមាសនៃយុគ្គសម័យថ្មីនៃសេដ្ឋកិច្ចតំបន់ និងពិភពលោក។

លោករដ្ឋលេខាធិការ ក៏បានរំពឹងយ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ក៏នឹងជួយចូលរួមចំណែក យ៉ាងធំធេងដល់យុទ្ធសាស្រ្ត ស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា សេដ្ឋកិច្ចរបស់ចិនផងដែរ៕

To Top