ភ្នំពេញ ៖ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានលើកឡើងថា កម្ពុជា-ចិន រួមគ្នាស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ឡើងវិញ ដោយធ្វើយ៉ាងណា សម្រេចនូវគោលដៅពាណិជ្ជកម្មទ្វេភាគីដល់១០ប៊ីលានដុល្លា ត្រឹមឆ្នាំ២០២៣ ខាងមុខ។
ក្នុងពិធីបើកវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូន លោកស្រី ទួត បញ្ញា បានថ្លែងថា «ក្នុងដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ប្រទេសទាំងពីរនឹងនៅតែខិតខំ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ថែមទៀត ក្នុងនោះមានដូចជា ៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ , រួមគ្នាស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការ រាតត្បាតនៃជំងឺកូវីដ-១៩ ឡើងវិញ ដោយធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីដល់១០ ប៊ីលានដុល្លា នៅត្រឹមឆ្នាំ២០២៣ តាមរយៈការលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម»។
លោកស្រីបន្ដថា កម្ពុជា-ចិន បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការអនុវត្តន៍គម្រោងនានា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងវប្បធម៌នៃប្រជាជន និងប្រទេសទាំងពីរ។ លោកថា បន្តការប្រាស្រ័យទាក់ទងកម្រិតខ្ពស់កាន់តែជិតស្និទ្ធ និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍គ្រប់កំរិតស្ថាប័ននៃប្រទេសទាំងពីរឡើងវិញ នៅពេលដែលស្ថានភាពនៃជំងឺ កូវីដ-១៩ អនុគ្រោះ។
លោកស្រីបន្ថែមថា បន្តជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍដើម្បីទាំងអស់គ្នា ដោយផ្អែកលើគោលការណ៍សន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាពជាដៃគូសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាងនេះទៅទៀត លោកស្រី រដ្ឋលេខាធិការ ក៏បានបញ្ជាក់ទៀតថា កម្ពុជា-ចិន បន្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ដូចជា ក្នុងក្របខ័ណ្ឌអាស៊ាន-ចិន មេគង្គ-ឡានឆាង និងអង្គការសហប្រជាជាតិ ព្រមទាំងប្រកាន់ខ្ជាប់ពហុភាគីនិយម និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល៕