ភ្នំពេញ ៖ កម្ពុជា-សហរដ្ឋអាមេរិក នៅថ្ងៃ២៨ កក្កដា នេះបានចុះអនុស្សរណៈ នៃការយោគយល់គ្នា(MOU) បន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យ ការងារនៅកម្ពុជា ។
ក្នុងគោលបំណង នៃMOUនេះ ដើម្បីបង្កើត ក្របខណ្ឌ សហប្រតិបត្តិការ បច្ចេកទេសរវាងគូភាគី ក្នុងគោលដៅ រួមចំណែកក្នុងការ អនុវត្តគោលនយោបាយ ពាក់ព័ន្ធនឹងវិស័យការងារ ។
អនុស្សរណៈ នៃការយោគយល់គ្នានេះ មានរយៈពេល២ឆ្នាំនេះ (២០២១-២០២៣) ត្រូវបានចុះហត្ថលេខារវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា ។
លោក អ៊ិត សំហេង មានប្រសាសន៍ថា អនុស្សរណៈនេះ នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយបន្តទៀត នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងអង្គការ ACILS ដែលនឹងចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យ ការងារនៅកម្ពុជា។
រដ្ឋមន្ត្រីបញ្ជាក់ថា តាមរយៈក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការនេះ នឹងរួមគ្នាពង្រឹងការអនុវត្តគោល នយោបាយពាក់ព័ន្ធ នឹងវិស័យការងារ សំដៅឆ្លើយតបទៅនឹងគោលបំណង ដែលបានកំណត់ក្នុងអនុស្សរណៈ ។
លោក William Conklin នាយកកម្មវិធី របស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា រំពឹងថា តាមយៈការបន្តអនុស្សរណៈនេះ ភាគីទាំងពីរនឹងបង្ហាញ ពីឆន្ទៈក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជន៍ ដល់កម្មករនិយោជិត និងរួមចំណែកក្នុងការ លើកម្ពស់សិទ្ធិ លក្ខខណ្ឌការងារ និងសុខដុមរមនានៅកន្លែងការងារ ជាពិសេសការឆ្លើយតបទៅនឹងស្ថានភាពក្នុងកំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ ។
គួរបញ្ជាក់ថា នាពេលកន្លងមក កម្ពុជាបានសហការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តការផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ។ តាមរយៈកិច្ចសហការនេះ កម្ពុជា បានខិតខំពង្រឹងការ អនុវត្តលក្ខខណ្ឌការងារល្អប្រសើរ ដែលឆ្លើយតបទៅនឹងកង្វល់ របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកបញ្ជាទិញធំៗ របស់សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត ។ ជាលទ្ធផល កម្ពុជានៅតែរក្សាបានទីផ្សារ និងកិត្យានុភាពទំនិញ ដែលផលិតនៅកម្ពុជា ៕