ព័ត៌មានជាតិ

ចិន ត្រូវតែជួយកម្ពុជា ឲ្យក្លាយជាប្រទេសគំរូ ទោះបីកម្លាំងអមិត្ត បង្ខូចកេរ្តិ៍ឈ្មោះ ទំនាក់ទំនង រវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កម្លាំងអមិត្តខាងក្រៅ មិនចង់ឃើញភាពរីកចម្រើន នៃទំនាក់ទំនងរវាងកម្ពុជា-ចិន ដោយប្រឌិតរឿងរ៉ាវ និងបង្ខូចកេរ្តិ៍ឈ្មោះ ប្រទេសទាំងពីរ ហើយចិនត្រូវតែជួយកម្ពុជា ឲ្យក្លាយជាប្រទេសគំរូមួយ ផងដែរ ។

ក្នុងវេទិកាពិធីបិទ កម្រិតខ្ពស់នៃធនាគារខួរក្បាល កម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន នារៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធ វិដេអូ លោកបណ្ឌិត គិន ភា បានលើកឡើងថា កម្ពុជាជួបប្រទះនូវបញ្ហា ប្រឈមធ្ងន់ធ្ងរ ដែលបណ្តាលមកពីការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ។ ចិនក្នុងនាមជាមិត្តដ៏រឹងមាំ បានប្រឹងប្រែងយ៉ាង អស់ពីសមត្ថភាព ដើម្បីធ្វើការជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតនេះ ។

លោកបណ្ឌិតបន្ដថា ប្រទេសទាំងពីរប្រកាន់ជំហរពហុភាគីនិយម ជាពិសេស ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ជាកម្លាំងស្នូលសម្រាប់ជំរុញទំនាក់ទំនងអន្តរជាតិ ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក សមធម៌ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដើម្បីបុព្វហេតុសម្រេច ឲ្យបាននូវអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

លោកបណ្ឌិតបន្ថែមថា ចំណងមិត្តភាពកម្ពុជា-ចិនពិតជានឹងឆ្ពោះ ទៅរកសហគមន៍ដែលមានអនាគតរួមគ្នា ដែលប្រទេសនិង ប្រជាជនទាំងពីរមានការ រីកចម្រើនរួមគ្នា ប្រកបដោយសុខដុមរមនា ។ ទំនាក់ទំនងនេះបានក្លាយជាគំរូ នៃការរួមរស់ប្រកប ដោយសន្តិសហវិជ្ជមានប្រកប ដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងចំណោមបណ្តាប្រទេសនានា (a model of friendly coexistence and close cooperation among countries) ។

លោកបណ្ឌិត គិន ភា បញ្ជាក់ថា «ទោះជាបែបនេះក្តី កម្លាំងអមិត្ត ខាងក្រៅ ពិតជាមិនចង់ឃើញភាពរីកចម្រើន នៃទំនាក់ទំនង រវាងប្រទេសយើង ទាំងពីរនោះទេ ពួកគេតែងប្រឌិតរឿងរ៉ាវ និងរៀបចំឈុតឆាក ជាច្រើនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ក្នុងន័យនេះ ប្រទេសចិន ត្រូវតែជួយប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសគំរូមួយលើការអភិវឌ្ឍ ដោយសារតែមានទំនាក់ទំនងដ៏ល្អ និងស៊ីជម្រៅ ជាមួយប្រទេសចិន»។

លោកបណ្ឌិត លើកឡើងទៀតថា កិច្ចការបន្ទាន់មួយទៀត ដែលបញ្ញវន្តត្រូវធ្វើ ដើម្បីរួមចំណែកលើកកម្ពស់ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ គឺការចូលរួមផ្សព្វផ្សាយ អំពីប្រទេសកម្ពុជា និងចិន ដល់ប្រជាជនទាំងពីរឲ្យបានទូលំទូលាយ ពង្រីកការស្វែងយល់ពីគ្នាទៅវិញទៅមក ឲ្យកាន់តែស៊ីជម្រៅ ពង្រឹងវប្បធម៌សន្ទនា រៀនសូត្រពីគ្នាទៅវិញទៅមក និងពិភាក្សាគ្នាដោយ ភាពស្មោះត្រង់ស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន និងការកំណត់ទិសដៅថ្មីបំផុត ក្នុងការចាប់យកសក្តានុពល នៃការអភិវឌ្ឍរួមគ្នា ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top