Covid-19

ការគោរព តាមក្រមវិទ្យាសាស្ត្រ និងធ្វើកិច្ចសហប្រតិបត្តិការ ដោយស្មោះត្រង់ ទើបអាចយកឈ្នះ លើជំងឺឆ្លងនិងស្វែងរកប្រភពដើមនៃវីរុស

«វីរុសគឺធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន» នេះជាការលើកឡើងច្រំដែលៗធ្វើឱ្យគេស្តាប់ឡើងទ្រាន់របស់បស្ចិមប្រទេសមួយចំនួនបើទោះបីជាក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានសិក្សាស្រាវជ្រាវនៅក្រុងវូហានផ្ទាល់ហើយសន្និដ្ឋានថា«វាមានលទ្ធភាពស្ទើរតែសូន្យដែលវីរុសបានធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន»ដែលជាការបង្ហាញភស្តុតាងខាងវិទ្យាសាស្ត្រដ៏ប្រចក្សដើម្បីច្រានចោលការលើកឡើងខាងលើនេះក្តី ។

យ៉ាងណាមិញ យើងឃើញថាបស្ចិមប្រទេសមួយចំនួន ពិសេសប្រទេសដែលស្ថិតក្រោមឥទ្ធិពលរបស់អាមេរិកមិនខ្វល់ពីអ្វីដែលជាភស្តុតាងវិទ្យាសាស្ត្រនេះទេ គិតតែពីការស្រែកបន្ទោរហៃអើតាមតែអាមេរិកយ៉ាងងងឹតងងល់ ។

តាមច្បាប់កំណត់របស់អង្គការសុខភាពពិភពលោក ការដាក់ឈ្មោះឱ្យវីរុសប្រភេទថ្មីមិនត្រូវពាក់ព័ន្ធនឹងឈ្មោះប្រទេស តំបន់ឬជាតិសាសន៍ណាមួយនោះទេ ក្នុងន័យចៀសវាងកើតមានការរើសអើង ។ ក៏ប៉ុន្តែយើងឃើញថា បើទោះបីជាអង្គការសុខភាពពិភពលោកបានដាក់ឈ្មោះផ្លូវការឱ្យវីរុសកូរ៉ូណាថ្មីថា «វីរុសកូវីដ-១៩»ហើយក្តី ក៏លោកត្រាំដែលជាអតីតប្រធានាធិបតីអាមេរិកនៅតែហៅវីរុសនេះថា «វីរុសចិន»ឬ«វីរុសវូហាន»នៅកន្លែងសាធារណៈនានាដដែល ។ នេះបានសឱ្យឃើញពីចរិត​រើសអើង អនុត្តរភាពនិងមិនគោរពក្រមអន្តរជាតិរបស់ថ្នាក់ដឹកនាំអាមេរិក ។

បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រង ប្រទេសចិនក៏បានរៀបចំឱ្យក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកចុះសិក្សាស្រាវជ្រាវដោយផ្ទាល់នៅឯមន្ទីរពិសោធន៍ក្រុងវូហាននិងកន្លែងពាក់ព័ន្ធ ។ ប៉ុន្តែលទ្ធផលមិនដូចការប៉ុនប៉ងរបស់អ្នកនយោបាយអាមេរិកមួយចំនួននោះទេ ហេតុនេះហើយទោះជាមានភស្តុតាងខាងវិទ្យាសាស្ត្រដ៏រឹងមាំយ៉ាងណាក្តី ក៏ពួកគេនៅតែខំស្រែកកោកៗមិនទទួលស្គាល់របាយការណ៍សិក្សាស្រាវជ្រាវប្រកបដោយកិត្យានុភាពមួយនេះ ។

អ្វីដែលអ្នកផងចោទជាសំណួរនោះគឺ អ្នកដែលដើរចោទប្រកាន់គេ ហើយមិនទទួលស្គាល់លទ្ធផលសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ ស៊ីជម្រៅនិងប្រកបជំនាញខ្ពស់របស់ក្រុមអ្នកជំនាញអន្តរជាតិនោះ តើហ៊ានឱ្យក្រុមអ្នកជំនាញអន្តរជាតិទៅសិក្សាស្រាវជ្រាវនៅមន្ទីរពិសោធន៍របស់ខ្លួនទេ ? ម៉្យាងវិញទៀត តាមការចុះផ្សាយអំពីលទ្ធផលសិក្សាស្រាវជ្រាវរបស់ប្រទេសមួយចំនួនឱ្យដឹងថា វីរុសកូវីដ១៩មានលទ្ធភាពឆ្លងរាលដាលនៅប្រទេសខ្លួនតាំងពីខែតុលាឆ្នាំ ២០១៩ មកម៉្លេះ ពោលគឺកើតមុនករណីឆ្លងទីមួយនៅក្រុងវូហានប្រទេសចិនដល់ទៅពីរខែ ចុះហេតុអ្វីអ្នកដើរចោទប្រទេសចិនថាធ្វើឱ្យធ្លាយវីរុសចេញពីមន្ទីរពិសោធន៍នោះបែរជាធ្វើគធ្វើថ្លង់ក្នុងរឿងនេះទៅវិញ ?

សុភាសិតខ្មែរបានពោលថា ៖ «បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក» ។ ជាក់សែ្តងដូចយើងទាំងអស់គ្នាបានដឹងហើយថា វីរុសជាសត្រូវរួមរបស់មនុស្សជាតិ មិនមែនជា«សត្រូវផ្តាច់មុខ»របស់ប្រទេសណាមួយនោះទេ ។ អាស្រ័យហេតុនេះ យើងឃើញថាប្រទេសភាគច្រើនដាច់ខាតនៅលើពិភពលោកសុទ្ធតែដុតដៃដុតជើងក្នុងការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីយកឈ្នះលើជំងឺរាតត្បាតដ៏កាចសាហាវនេះក្នុងពេលឆាប់ៗ ។

តម្កល់ទុកអាយុជីវិតប្រជាជនជាអាទិភាព ផ្តល់ជំនួយទៅតាមលទ្ធភាពនូវសម្ភារបរិក្ខារវេជ្ជសាស្ត្រដល់ប្រទេសដែលមានតម្រូវការ ចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រទៅជួយដល់ប្រទេសមានតម្រូវការដោយផ្ទាល់ ផ្តល់ជំនួយនិងផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសដែលមានតម្រូវការ ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការសិក្សាស្រាវជ្រាវរកប្រភពនៃវីរុស ។ល។ ទាំងនេះជាសកម្មភាពជាក់ស្តែងរបស់ប្រទេសចិនបន្ទាប់ពីការផ្ទុះរាលដាលនៃជំងឺកូវីដ១៩ជាសកលមកដែលយើងទាំងអស់គ្នាបានឃើញជាក់នឹងភ្នែក ។

យើងមិនពិបាកមើលឃើញឡើយថា ថ្នាក់ដឹកនាំដែលប្រកបដោយគតិបណ្ឌិតនានានៅលើពិភពលោកសុទ្ធតែបានខិតខំអស់ពីលទ្ធភាពដើម្បីចាត់វិធានការទប់ស្កាត់ការរាលដាលនៃជំងឺឆ្លងស្របទៅតាមសភាពការណ៍ប្រទេសខ្លួន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិអន្តរជាតិ ដើម្បីជួយប្រជាជនខ្លួនឱ្យចេញផុតពីជ្រោះមរណាក្នុងពេលឆាប់ៗ ក៏ដូចជាស្តារសេដ្ឋកិច្ចនិងផលិតកម្មឡើងវិញ ធ្វើឱ្យប្រជាជនវិលត្រឡប់ទៅរកជីវភាពធម្មតាវិញតាមដែលអាចធ្វើទៅបាន ។

ប៉ុន្តែងាកមកមើលប្រទេសលោកខាងលិចមួយចំនួនតូចវិញ ជាពិសេសគឺអាមេរិកតែម្តង ចាប់ពីជំងឺឆ្លងផ្ទុះរាលដាលមក អ្វីដែលអាមេរិកធ្វើច្រើនជាងគេមិនមែនការទប់ស្កាត់ជំងឺឆ្លងក្នុងប្រទេស មិនមែនការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីយកឈ្នះលើជំងឺឆ្លង មិនមែនការផ្តល់ជំនួយដល់ប្រទេសក្រីក្រក្នុងនាមខ្លួនជាប្រទេសមហាអំណាចនោះទេ តែបែរជាដើរចោទប្រកាន់អ្នកនេះអ្នកនោះ ធ្វើនយោបាយធូបនីយកម្មបញ្ហាវីរុស បង្កជាឧបសគ្គរារាំងដល់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសទៅវិញ ។

បច្ចុប្បន្នគឺជាយុគសម័យឌីជីថល មិនមែនសម័យជិះកង់ឈើនោះទេ អ្វីៗគ្រប់យ៉ាងដែលមនុស្សជាតិយើងមិនទាន់បានដឹងច្បាស់ ត្រូវពឹងផ្អែកលើការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ តែមិនមែនវោហាសាស្ត្រនោះទេ ។ ការធ្វើកិច្ចសហប្រតិបត្តិត្រូវធ្វើឡើងក្រោមរូបភាពស្មោះត្រង់ សមភាព តែមិនមែនដើរតួជាអ្នកប្រៀនប្រដៅប្រទេសដទៃនោះទេ ។ ពាក្យចាស់ពោលថា «សាមគ្គីជាកម្លាំង» ល្គឹកណាដែលប្រទេសនានាពួតដៃគ្នាយ៉ាងស្អិតល្មួតនិងស្មោះត្រង់ ធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ល្គឹកនោះទើបអាចយកឈ្នះលើជំងឺឆ្លងក្នុងពេលឆាប់ៗ ៕  

អត្ថបទដោយ ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top