ព័ត៌មានជាតិ

Utdate ៖ វ៉ាក់សាំងកូវីដ១៩ ជំនួយរបស់អាមេរិក នឹងមកដល់កម្ពុជា នាថ្ងៃទី៣០ កក្កដា

នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈយន្ដការកូវ៉ាក់ (COVAX) នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះហើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់អាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញ ពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

ស្ថានទូតអាមេរិក បានបញ្ជាក់ទៀតថា «សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ចូលរួមយកព័ត៌មានក្នុងការមកដល់លើកដំបូង នៃវ៉ាក់សាំងទាំងនេះ ចំនួនពាក់កណ្តាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៣០ ខែកក្កដា វេលាម៉ោង៧:១៥ ព្រឹក នាអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ។ (យើងរំពឹងថា វ៉ាក់សាំងសល់ពីនោះ នឹងត្រូវមកដល់នៅ ថ្ងៃចន្ទ ទី២ ខែសីហា នេះ)»។

ស្ថានទូត បន្ដថា លោក ភារធារី ស្ថានទូតអាមេរិក Ben Wohlauer និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក និងអង្គការ UNICEF នឹងមានវត្តមានក្នុងពិធីនោះដែរ៕

To Top