ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបិទព្រំដែន កម្ពុជា-ថៃ ជាបណ្តោះអាសន្នលើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសតែប៉ុណ្ណោះ ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delita)។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទី ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្ដាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delita)។
យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាស ន៍ថា«ដោយសារខេត្ត ដែលត្រូវបានបិទខ្ទប់ ភាគច្រើនមានព្រំប្រទល់ ជាប់នឹងព្រះរាជាណាចក្រថៃឡងដ៍ និងដើម្បីធានា ដល់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delita) ក្នុងខេត្តដែល ត្រូវបានបិទខ្ទប់ ប្រគល់ភារកិច្ចជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើទំនាក់ទំនងជាបន្ទាន់ជាមួយភាគីថៃ ដើម្បីបិទព្រំដែនជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់»។
សម្ដេចតេជោ ក៏បានណែនាំ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការគ្នាផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តវិធានការបិទខ្ទប់សម្រាប់បណ្តាខេត្តកម្ពុជា ដែលមានព្រំប្រទល់ជាមួយប្រទេសថៃព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរ មានសមត្ថកិច្ចថៃ ដើម្បីផ្តល់ការគាំពារចាំបាច់នានាដល់ពលករខ្មែរ រស់នៅប្រទេសថៃក៏ដូចជាសម្របសម្រួល ជាមួយពលករខ្មែរ រស់នៅថៃ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ ឱ្យពន្យារពេល នៃការវិលត្រឡប់របស់ខ្លួន រហូតដល់ការបិទខ្ទប់នេះ ត្រូវបានបញ្ចប់។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអភិបាលខេត្ត នៃខេត្តជាប់ព្រំប្រទល់ជាមួយថៃ ត្រូវបង្កើនកិច្ចសហការនិងការសម្របសម្រួលជាមួយបណ្តាខេត្តថៃ ដែលជាសមភាគីរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តនូវបណ្ដាវិធានការខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖អេង ប៊ូឆេង