ព័ត៌មានជាតិ

ប.ស.ស. ចុះ​ MOU ជាមួយធនាគារជាតិ នៃកម្ពុជា ស្តីពីកម្មវិធីបណ្តុះបណ្តាល ធនធានមនុស្ស ផ្នែកគ្រប់គ្រងការវិនិយោគ

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកម្មវិធីបណ្តុះបណ្តាល ធនធានមនុស្ស ផ្នែកគ្រប់គ្រងការវិនិយោគ រវាងធនាគារជាតិ នៃកម្ពុជា និងបេឡាជាតិសន្តិសុខសង្គម ក្នុងទិសដៅ ដើម្បីបង្កើតនូវក្របខណ្ឌ កិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងបេឡាជាតិសន្តិសុខសង្គម លើផ្នែកបច្ចេកទេស ក្នុងការជួយអភិវឌ្ឍធនធានមនុស្ស និងពង្រឹងរចនា សម្ព័ន្ធនៃការគ្រប់គ្រង ការវិនិយោគមូលនិធិ សន្តិសុខសង្គមរបស់ ប.ស.ស. តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ របស់មន្ត្រីជំនាញ ផ្នែកគ្រប់គ្រងការវិនិយោគ របស់ធនាគារជាតិនៃកម្ពុជា សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្នុងឱកាស ចុះអនុស្សរណៈយោគយល់គ្នានេះ លោក អ៊ុក សមវិទ្យា​ អគ្គនាយក ប.ស.ស. បានថ្លែងថា អ្វីជាគោលបំណងសំខាន់ នៃការចុះអនុស្សរណៈយោគយល់គ្នា នៅពេលនេះ គឺជាការផ្តល់ឱកាស ឱ្យអង្គភាពទាំងពីរ​ ស្វែងយល់ពីទស្សនៈផ្សេងៗ ដូចជាការដកស្រង់ និងចែករំលែកនូវបទពិសោធន៍ លើបញ្ហាដែលពាក់ព័ន្ធ​ ឱ្យគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ឱ្យកាន់តែមានភាពជិតស្និទ្ធ និងជាថ្នាលសម្រាប់ ពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកការគ្រប់គ្រង វិនិយោគរបស់មន្ត្រីបច្ចេកទេស ជំនាញ ប.ស.ស. ដើម្បីអនុវត្តការងារវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផល តាមរយៈឧទាហរណ៍ ពិតប្រាកដ និងបទពិសោធន៍ជាក់ស្តែង ដែលបានផ្តល់ផ្ទាល់ ដោយដៃគូររបស់ខ្លួន។

លោកអគ្គនាយក បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយ​ គតិបណ្ឌិត និងឈ្លាសវៃបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដោយសំដៅ លើកិច្ចគាំពារសង្គម ក្នុងនោះផ្តោតសំខាន់ ទៅលើវិស័យសន្តិសុខសង្គម ដែលមានផ្នែកថែទាំ សុខភាពជាចម្បង ហើយកាតព្វកិច្ចនេះ តម្រូវឱ្យអង្គភាព ប.ស.ស. ជាអ្នកប្រតិបត្តិផ្ទាល់ ទៅលើផ្នែកធំៗចំនួន ៤ គឺ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិត ក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្រោមបទបញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិក ធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ។

លោកអគ្គនាយក បានឱ្យដឹងថា បច្ចុប្បន្ន ប.ស.ស បាននឹងកំពុងអនុវត្ត​ របបសន្តិសុខសង្គមចំនួន២ គឺផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ហើយនៅពេលដ៏ខ្លី ខាងមុខឆាប់ៗនេះ ប.ស.ស. នឹងដាក់ឱ្យអនុវត្ត នូវរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដែលពេលនោះ សមាជិក ប.ស.ស. ដែលកំពុងបម្រើការងារ ក្នុងវិស័យឯកជនទាំងអស់ នឹងទទួលបានប្រាក់ សោធននិវត្តន៍ (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងមន្រ្តីរាជការផងដែរ។

លោក​ អ៊ុក សមវិទ្យា​ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការជាមួយ ធនាគារជាតិនៃកម្ពុជា នាពេលនេះ ប.ស.ស. នឹងទទួលបានផ្លែផ្កាជាវិជ្ជមាន ដើម្បីរួមចំណែកពង្រឹងការអនុវត្តគោល នយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ឱ្យកាន់តែទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

សូមបញ្ជាក់ថា ពិធីចុះអនុស្សរណៈ យោគយល់គ្នាខាងលើនេះ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ក្រោមអធិបតីភាពលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបា​ល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងលោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ព្រមទាំងមានវត្តមាន​ ចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នៃអង្គភាពស្ថាប័នទាំងពីរ សរុបជាង ១០នាក់៕

To Top