ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបន្ទាន់ ជាមួយអភិបាលរាជធានី ខេត្ត ដើម្បីត្រៀមលក្ខណៈ អនុវត្តសេចក្តីសម្រេចបិទខ្ទប់ និងសារាចររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នាពេលថ្មីៗនេះ ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delta)៕







