បច្ចុប្បន្នភាព៖ លោក Thomas J. Christensen សាស្ត្រាចារផ្នែកកិច្ចសាធារណៈ និងអន្តរជាតិ នៅសកលវិទ្យាល័យ Columbia University បាននិយាយថា នៅឆ្នា២០២១នេះ សង្គ្រាមត្រជាក់ នៅលើពិភពលោក បានលេចចេញជារូបរាងកាន់តែច្បាស់ តាមរយៈការបង្ហាញ យុទ្ធសាស្ត្រ និងសកម្មភាព ប្រកួតប្រជែងដណ្តើមឥទ្ធិពល រវាងប្រទេសមហាអំណាច ។
ប្រទេសមហាអំណាច ដែលកំពុងបង្ហាញយុទ្ធសាស្ត្រ និងសកម្មភាពប្រកួតប្រជែង នៅលើពិភពលោកនេះ គឺសហរដ្ឋអាមេរិក និងប្រទេសចិន ដោយប្រទេសទាំងពីរ បានប៉ះទង្គិចគ្នាកាន់តែញឹកញាប់ ផ្នែកការទូត នយោបាយ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងសំណុំរឿងមួយចំនួនទៀត ដែលបានរុញច្រាន អោយមានភាពតានតឹងកាន់តែខ្លាំង ។
ក្នុងរយៈពេលជិត៣ឆ្នាំចុងក្រោយ គឺចាប់ពីឆ្នាំ២០១៩រហូតដល់ ឆ្នាំ២០២១នេះ សង្គ្រាមពាក្យសម្តី រវាងមេដឹកនាំ នៃប្រទេសមហាអំណាចទាំងពីរ បានផ្ទុះឡើងជាបន្តបន្ទាប់ដែលនាំអោយភាពតានតឹងកើនឡើង កាន់តែខ្លាំង និងនាំអោយប្រទេសទាំងពីរ ប្រឈមមុខដាក់គ្នា កាន់តែខ្លាំង ផ្នែកការទូត នយោបាយ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ។
ក្រោយពីបានដឹងច្បាស់ពីការងើបឡើងនៃឥទ្ធិពល របស់ប្រទេសចិន ផ្នែនយោបាយ សេដ្ឋកិច្ច និងយោធា ទាំងនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក សហរដ្ឋអាមេរិក ព្យាយាមទប់ទល់ និងកាត់បន្ថយឥទ្ធិពលចិនតាមរយៈការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ដូចជាប្រទេសឥណ្ឌា សិង្ហបុរី ហ្វីលីពីន និងប្រទេសវៀតណាម ។
កាលពីថ្ងៃពុធ ទី២៨ ខែកក្កដានេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិក បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសឥណ្ឌា ដែលឥណ្ឌា គឺជាប្រទេសគន្លឹះមួយនៅក្នុងតំបន់អាស៊ី ដែលអាចប្រឈមមុខ ជាមួយប្រទេសចិនបាន ទាំងខាងការទូត នយោបាយ សេដ្ឋកិច្ច និងទាំងគ្រឿងសព្វាវុធផងដែរ ហើយជាពិសេសនោះ គឺឥណ្ឌាមិនសូវត្រូវរ៉ូវគ្នាជាមួយប្រទេសចិនស្រាប់ ។
មានមូលហេតុសំខាន់២យ៉ាង ដែលសហរដ្ឋអាមេរិក បានទៅចាប់ដៃជាមួយប្រទេសឥណ្ឌាក្នុងការទប់ទល់នឹងកំណើនឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់ ដែលចេះតែបន្តកើនឡើងជាលំដាប់ ហើយឥទ្ធិពលរបស់ប្រទេសចិន មិនត្រឹមតែប៉ះពាល់ដល់ឥទ្ធិពល របស់សហរដ្ឋអាមេរិកទេ ឥទ្ធិពលចិន ក៏បានប៉ះទង្គិចជាមួយប្រទេសមួយ ចំនួនក្នុងតំបន់ផងដែរ ។
មូលហេតុទី១ ដោយសារ សហរដ្ឋអាមេរិក សម្លឹងឃើញប្រទេសឥណ្ឌា មានភាពតានតឹង នៅតាមព្រំដែន និងបានប៉ះទង្គិចគ្នា ដោយយោធាជា មួយប្រទេសចិន ហើយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មានចេតនាចង់បង្កើន កិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹង ឥទ្ធិពលរបស់ប្រទេសចិនលើប្រទេសនេះ ។
ប្រទេសចិន និងឥណ្ឌា មិនបានប៉ះទង្គិចគ្នាដោយអាវុធនៅតាមព្រំដែនទេ ដោយកងកម្លាំងយោធា នៃប្រទេសទាំង២ បានប៉ះទង្គិចគ្នាដំបង ដំថ្ម និងវត្ថុរឹងផ្សេងទៀត កាលពីប៉ុន្មាន ឆ្នាំកន្លងទៅ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែន រវាងចិន និងឥណ្ឌា បានកើតឡើងដោយសារសកម្មភាព ពង្រឹងសមត្ថភាពយោធានៅតាមព្រំដែន ពីខាងប្រទេសចិន ។
មូលហេតុទី២ គឺសហរដ្ឋអាមេរិកសម្លឹងឃើញថា ឥណ្ឌាជាប្រទេសមហាអំណាច ក្នុងតំបន់ជាមួយប្រទេសចិនដែរ ដោយឥណ្ឌាមានអាវុធនុយក្លេអ៊ែរ មានចំនួនប្រជាជនច្រើន រហូតដល់ជាង១ពាន់ ៣រយលាននាក់ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ជាប់លំដាប់ថ្នាក់ទី៥នៅលើពិភពលោក ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយចិន ។
ឥណ្ឌាមិនត្រឹមតែមានអាវុធ មហាប្រល័យទេ ប្រទេសនេះក៏មានបច្ចេវិទ្យាខាងយោធាទំនើបទាន់សម័យផងដែរ ដោយឥណ្ឌាអាចផលិតគ្រាប់ មីស៊ីលរយៈចម្ងាយខ្លី ផលិតនាវាមុជទឹក ផលិតនាវាដឹកយន្តហោះចម្បាំង និងគ្រឿងយុទ្ធោបករណ៍ ផ្សេងទៀត រួមទាំងលក់គ្រឿងសព្វាវុធ របស់ខ្លួនអោយទៅប្រទេស ក្នុងតំបន់ថែមទៀត ។
មូលហេតុទាំង២នេះហើយ ទើបនាំអោយសហរដ្ឋអាមេរិក បានទៅចាប់ដៃយ៉ាងជិតស្និទ្ធ ជាមួយប្រទេសឥណ្ឌា ក្នុងគោលបំណងរុញឥណ្ឌា អោយប្រឈមមុខជាមួយប្រទេសចិន ដែលនឹងមានប្រយោជន៍ ដល់សហរដ្ឋអាមេរិកនៅពេលអនាគត ។
ដើមចមនាំអោយកើតរឿង
លោក Thomas J. Christensen បានបញ្ជាក់ថា ដើមចមដែលនាំអោយសហរដ្ឋអាមេរិក ព្យាយាមទប់ទល់នឹងឥទ្ធិពល របស់ប្រទេសចិន គឺដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិន បានគ្របដណ្តើមលើប្រទេសនានា ក្នុងតំបន់ស្ទើរតែទាំងស្រុង ដែលបណ្តាលអោយប្រទេសមួយចំនួន បានបែរខ្នងដាក់អាមេរិក ។
ប្រសិនបើសហរដ្ឋអាមេរិក មិនប្រឹងប្រែងទប់ស្កាត់កំណើន ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិនទេ មិនយូរប៉ុន្មានទេ ប្រទេសចិន នឹងដណ្តើម យកកៅអីជាប្រទេសមហាអំណាចលេខ១ នៅលើពិភពលោក ពីសហរដ្ឋអាមេរិកមិនខាន ទាំងជាមហាអំណាចសេដ្ឋកិច្ច និងជាមហាអំណាច ផ្នែកនយោបាយផងដែរ ។
សូមបញ្ជាក់ជូនថា ការប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងប្រទេសចិន នេះហើយ ជាសង្គ្រាមត្រជាក់បែបថ្មី ដែលប្រទេសនានានៅលើពិភពលោក ជាពិសេសគឺប្រទេសក្នុងតំបន់ អាចនឹងទទួលរងផលប៉ះពាល់ពីសង្គ្រាមត្រជាក់នេះ ។
ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២ បាន បញ្ចប់ទៅ កាលពីឆ្នាំ១៩៤៥ សហរដ្ឋអាមេរិក ធ្លាប់មានសង្គ្រាម ត្រជាក់ជា មួយអតីតសហភាព សូវៀតម្តងហើយ ដែលបណ្តាលអោយប្រទេសមួយចំនួន មានកូរ៉េខាងជើង និងខាងត្បូង ប្រទេសវៀតណាម រួមទាំងប្រទេស ផ្សេងទៀត បានទទួលរងគ្រោះដោយសារសង្គ្រាមត្រជាក់ រវាងអាមេរិក និងសូវៀត ។
សង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត បានបញ្ចប់ទៅកាលពីទសវត្សរ៍ឆ្នាំ ៩០ ក្រោយពីអតីតសហភាពសូវៀតបានដួលរលំ ប៉ុន្តែសញ្ញានៃសង្គ្រាម ត្រជាក់បែបថ្មីនេះ គឺរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលសង្គ្រាមត្រជាក់នេះ កំពុងលេចចេញជារូបរាងដូច បានជម្រាបជូនខាងលើ ៕
ដោយ ៖ អ៊ី ជិន