ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា ឲ្យគណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះសេចក្តីសំរេច របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញ នូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយមិនមានការលើកលែង ចំពោះអ្នកដែលល្មើសឡើយ ។
ក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអនុវត្តនូវសេចក្តីសម្រេចលើកនេះ គឺមិនមានការលើកលែងជាដាច់ខាត ។ រាជធានីភ្នំពេញ បានកើនឡើង នូវអ្នកជំងឺកូវីដ-១៩ តែក្នុង២សប្តាហ៍ចុងក្រោយនេះ ការរាតត្បាតជំងឺនេះ មានការថមថយបន្តិច ។
ដើម្បីកាត់ផ្ដាច់ឬសគល់ នៃការរីករាលដាលជំងឺ-១៩នេះ លោកអភិបាលរាជធានីភ្នំពេញ បានស្នើឲ្យប្រធាន គណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ ត្រូវអនុវត្តសេចក្តីសម្រេចនេះ អោយបានតឹងរឹងបំផុត ។ ចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងរថយន្ត និងផាកពិន័យ ទៅតាមច្បាប់ ដោយមិនមានការ លើកលែងនោះទេ។
លោក ឃួង ស្រេង បានបញ្ជាក់ថា “ការអនុវត្តលើកមុនៗ យើងមានការអប់រំ មានការលើកលែងខ្លះ តែចំពោះការអនុវត្ត សេចក្តីសម្រេចលើកនេះ គឺមិនមានការយោគយល់ និងមិនមានការលើកលែងនោះទេ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត”។
ក្នុងនោះដែរ លោកក៏បានបញ្ជាក់ថា ចំពោះភោជនីយដ្ឋាន ការលក់គ្រឿងហូបចុក ការលក់គ្រឿងស្រវឹង ការលក់កាហ្វេ នៅតាមហាងកាហ្វេនានា គឺមិនអនុញ្ញាតឲ្យមានតុ សម្រាប់អោយភ្ញៀវ អង្គុយហូបចុកក្នុងហាងទេ។ អាចបើកជាហាងកាហ្វេ ភោជនីយដ្ឋានលក់អាហារ វេចខ្ចប់ប៉ុណ្ណោះ ។
ជាងនេះទៅទៀត លោក ឃួង ស្រេង ឲ្យខណ្ឌមួយចំនួន ដែលមានផ្លូវជាតិ តភ្ជាប់ពីបណ្ដាខេត្តទាំង៨ ដែលរាជរដ្ឋាភិបាល បានបិទខ្ទប់ ត្រូវតែពង្រឹងគោលដៅ ត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឲ្យបាន នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសការរីករាលដាល វីរុសប្រភេទថ្មី ដែលតា (Delta) ដែលបាននិងកំពុងរីករាលដាល ចូលមកព្រះរាជាណាចក្រកម្ពុជា បើទោះបីមិនទាន់ចូល ក្នុងសហគមន៍ក៏ដោយ៕