Covid-19

លោក ហ៊ុន ម៉ានី៖ អាមេរិក ផ្ដល់វ៉ាក់សាំង ដល់កម្ពុជា គឺជាកាយវិការ ដ៏មានអត្ថន័យក្នុងការទប់ស្កាត់កូវីដ១៩ (Video)

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានលើកឡើងថា ជំនួយជាវ៉ាក់សាំង របស់រដ្ឋាភិបាលអាមេរិក គឺជាកាយវិការ ដ៏មានអត្ថន័យ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

សូមរំលឹកថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសថា រដ្ឋាភិបាលអាមេរិក នឹងផ្ដល់ជំនួយជាវ៉ាក់សាំង ប្រភេទJohnson & Johnson ជាង១លានដូស ដល់ប្រទេសកម្ពុជា ដើម្បីរួមចំណែក ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងនោះពាក់កណ្ដាល បានដឹកមកដល់ ប្រទេសកម្ពុជា នាព្រឹកនេះ។

នៅលើគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយប្រជាជនកម្ពុជាទាំងអស់ ដែលទទួលបាននូវវ៉ាក់សាំង បង្ការជំងឺកូវីដ-១ ៩ ជាបន្តបន្ទាប់ ពីបណ្តាប្រទេសជាមិត្ត។ នៅថ្ងៃនេះ វ៉ាក់សាំង ចនសាន់ និងចនសាន់ ដែលជាជំនួយ របស់សហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ ត្រូវបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាកាយវិការ ដ៏មានអត្ថន័យ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩»។

លោក ហ៊ុន ម៉ានី បន្តថា «ទន្ទឹមនឹងការដាក់ចេញ នូវចំណាត់ការនានា ប្រកបដោយប្រសិទ្ធភាព សំដៅធានាបាននូវ ការគ្រប់គ្រងស្ថានការណ៍ ដោយរក្សាបានទាំងប្រក្រតីភាពនៃជីវភាពសង្គម និងការកាត់បន្ថយ ផលប៉ះពាល់ ដល់ជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបាននូវការចាក់វ៉ាកសាំង ជូនដល់ប្រជាពលរដ្ឋ ស្របតាមផែនការ និងទិសដៅដែលបានកំណត់»។

លោកបន្ថែមថា តាមរយៈការមកដល់ ជាបន្តបន្ទាប់នៃវ៉ាក់សាំង តាមរយៈជំនួយ និងការបញ្ជាទិញផ្ទាល់ រាជរដ្ឋាភិបាលនឹងអាច សម្រេចគោលដៅ បានកាន់តែឆាប់រហ័ស ក្នុងការទប់ស្កាត់ នូវជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម ជាប្រជាពលរដ្ឋកម្ពុជាម្នាក់ លោក ហ៊ុន ម៉ានី បានសម្ដែងនូវអំណរគុណចំពោះ កាយវិការសប្បុរសធម៌ដ៏ប្រពៃមួយនេះ ដែលការណ៍នេះ បានបង្ហាញពីចំណងមិត្តភាពល្អ រវាងប្រទេសយើងទាំង២ នៅក្នុងកាលៈទេសៈលំបាកនេះ។ ខ្ញុំក៏សង្ឃឹមដែរថា ប្រទេសជាមិត្តដទៃទៀត នឹងបន្តចូលរួមជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានជ័យជំនះ លើការទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូល៕

To Top