កីឡា

ពហុកីឡដ្ឋានជាតិ មរតកតេជោ នឹងសម្រេចជាស្ថាពរ នាខែសីហានេះ

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានថ្លែងថា ការសាងសង់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ (Main Stadium) សម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ នាខែសីហា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយរបស់ Cambodia SEA GAMES 2023 នាថ្ងៃ៣០កក្កដា។

លោកបញ្ជាក់ជូនថា «មកដល់ពេលនេះ សំណង់នេះបានលេចចេញជា សមិទ្ធផលពេញគ្រប់លក្ខណៈសម្បត្តិទាំងអស់ មានន័យថា កាលពីពេលមុន យើងនៅសេសសល់ការបំពាក់កៅអីខ្លះៗ ទីលានរត់អត្តពលកម្ម និងទីលានបាល់ទាត់ ប៉ុន្តែឥឡូវនេះគឺធ្វើរួចរាល់ទាំងស្រុងហើយ។ ចំពោះអាងទឹក ជុំវិញវិមានកីឡដ្ឋាន ដែលជាតំណាងកស្សិណអង្គរ ក៏បានដាក់បង្ហូរទឹកបំពេញអាង និងប្រព័ន្ធភ្លើង អំពូល ភ្លើងបំភ្លឺអាង រួមទាំងប្រព័ន្ធសំឡេង (Sound System) នៅផ្នែកខាងក្នុង ក៏បានបំពាក់រូចរាល់ដូចគ្នាផងដែរ។ ដូច្នេះ គ្រប់ការសាងសង់ ការបំពាក់ឧបករណ៍ រួមទាំងការងារផ្សេងទៀត សម្រាប់កីឡដ្ឋានធំនេះ ត្រូវបានធ្វើរួចរាល់ជាស្ថាពរ” ។

លោកថា ក្រៅពីនេះ នៅសល់ការរៀបចំតុបតែង នៅផ្នែកទីធ្លាខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ។ ជារួម ក្រុមហ៊ុនសាងសង់បានបើកភ្លើងបំភ្លឺសាកល្បង ដោយត្រូវប្រើប្រាស់ ថាមពលអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់ ។ អ្វីដែលនៅសេសសល់បន្តិចបន្តួចនោះ គឺការងារទីធ្លាខាងក្រៅ រួមទាំងការបោសសម្អាត។

ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធ ពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួត ពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលកម្ពុជា កំពុងសម្រួចគោលដៅយ៉ាង យកចិត្តទុកដាក់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្នុងការទទួលរៀបចំ ធ្វើម្ចាស់ផ្ទះជាលើកដំបូងជាប្រវត្តិសាស្ត្រ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top