ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិសំខាន់ៗ ប្រចាំសប្ដាហ៍

លោកគយ ឈួន សោភា មិនទាន់បាត់ ក្លិន (ទាហានចង ក ធ្វើអត្តឃាត) ផង មកបន្ថែមភាព សំអប់ ដាក់ទាហានទៀត!

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ដោក សារាំ មេបញ្ជាការ រងបញ្ជាការដ្ឋាន អគ្គបញ្ជាការ ប្រចាំការនៅទីបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ (បច្ចុប្បន្នឈរជើង នៅកងពលតូចលេខ៨ ) បានឲ្យដឹងថា លោកបានចូលបំរើកងទ័ពនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៨០ ( អតីតរដ្ឋកម្ពុជា) ជាង៤១ឆ្នាំ មកហើយ ផ្នែកជីវភាពរស់នៅ មិនសូវជាធូរធារនោះទេ ។

ឧត្តមសេនីយ៍ទោ ដោក សារាំ ត្រូវបានបណ្តាញ ព័ត៌មានក្នុងស្រុក ដកស្រង់ សម្តីថា៖ ដោយខ្ញុំបាទ ប្រចាំការនៅទិសទី១ ចាប់តាំងពីមានជម្លោះ ជាមួយទាហានថៃ មកដល់បច្ចុប្បន្ននេះ មានការខ្វះខាតមធ្យោបាយ ធ្វើដំណើរ ដើម្បីបំពេញភារកិច្ច ជូនអង្គភាព និងជូនថ្នាក់លើ ឲ្យបានល្អ និងទាន់ពេលវេលា ខ្ញុំបាទបានពិភាក្សា ជាមួយក្រុមគ្រួសាររកថវិកា ដែលសល់ពីការ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងខ្ចីពីធានាគារខ្លះ បូករួមគ្នា បានជាង១៥.០០០ (មួយម៉ឺនប្រាំពាន់)ដុល្លារ ទិញរថយន្ត១ គ្រឿងចង្កូតស្តាំ ជារថយន្តខុសនិងច្បាប់រដ្ឋ មកដាក់ក្នុងអង្គភាព បានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋាន បច្ចេកទេស ក្រសួងការពារជាតិ និងបង់ពន្ធប្រចាំឆ្នាំ២០២១ និង ឈៀករថយន្តឆ្នាំ២០២១ រួចផងដែរ ។

មិនទាន់ និង បានជិះបំរើការងារ ជូនអង្គភាព និងជូនថ្នាក់លើ ស្រួលបួលផង ស្រាប់តែនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខ្ញុំបាទបានសុំការអនុញ្ញាតច្បាប់ មកស្រុក ដើម្បីយក ប្រពន្ធមកពិនិត្យភ្នែក និងជំងឺផ្សេងៗ នៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយគ្រងឯកសណ្ឋានជាស៊ីវិល កំពុងចតរថយន្ត ក្បែរចិញ្ចើមផ្លូវជាតិ លេខ៦ ស្រាប់តែមានកម្លាំងចំរុះ របស់លោក ឈួនសោភា ប្រធានគយតំបន់៥ មកចាប់រថយន្ត នាំទៅកន្លែងគយ ដើម្បីត្រួតពិនិត្យឯកសាររថយន្ត តែបែរជា អោយខ្ញុំរើឥវ៉ាន់ចុះ ហើយមិនបានពិនិត្យមើលឯកសារ រថយន្តដែលពាក់ព័ន្ធ ភ្ជាប់មកជាមួយរថយន្ត ហើយបែរជាធ្វើរបាយការណ៍ បញ្ជូនទៅថ្នាក់លើ រួចអោយខ្ញុំនិងគ្រួសារ ត្រឡប់មកផ្ទះវិញ ដោយប្រគល់កំណត់ហេតុរបស់គយ អោយមកខ្ញុំ មួយច្បាប់ ។

គួររំលឹកផងដែរ ទាហានម្នាក់ បានធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចងក ដោយសារ តែមន្រ្តីគយ ចាប់រថយន្តរបស់ខ្លួន អត់ពន្ធ ផងដែរ។ ទាហានរូបនោះ បានបន្សល់ទុក នូវការរៀបរាប់ និងឈឺចាប់ ចំពោះ ជោគវាសនាខ្លួន ដែលលះបង់គ្រប់បែបយ៉ាង ដើម្បីបំរើជាតិ តែទីចុងបំផុត មន្រ្តីគយក្រោមការ បញ្ជារបស់លោក ឈួនសោភា ប្រធានគយតំបន់៥ គ្មានមេត្តា។

យ៉ាងណាក៏ដោយ មជ្ឈដ្ឋានទូទៅ រង់ចាំមើលបន្តទៀត ថា រឿងរ៉ាវនេះ នឹងទៅជាបែបណា?

អាជ្ញាធរបំភ្លឺក្រោយចោទថា ចាប់ខ្លួនស្រ្តីម្នាក់ដាក់គុក បន្ទាប់ពីលួចទឹកដោះគោ មួយកំប៉ុងឲ្យជីដូន

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយបំភ្លឺ ក្នុងករណីមានការលើកឡើងថា គ្រាន់តែស្រ្តីម្នាក់លួចទឹកដោះគោ មួយកំប៉ុងឲ្យយាយឈឺ ចាប់វាយខ្នោះដាក់គុក ។ នេះបើយោងតាមការចេញផ្សាយ របស់ស្នងការខេត្តកណ្តាលនាថ្ងៃ២៦ កក្កដា។

ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ រាជានុសិទ្ធ រាជ បានបង្ហោះផ្សព្វផ្សាយរូបភាព និងខ្លឹមសារថា លួចទឹកដោះគោ ១កំប៉ុងយកឲ្យយាយឈឺនៅផ្ទះ ត្រូវចាប់វាយខ្នោះចូលគុក បទល្មើសធ្ងន់ណាស់មែនទេ?។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យក្រុមការងារប្រតិកម្មរហ័សខេត្ត ធ្វើការស្រាវជ្រាវឆ្លើយតប បំភ្លឺករណីខាងលើ។

ចំពោះករណីអំពើលួច នេះពិតជាមានមែន កើតហេតុកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី នៅចំណុចផ្សារឡាក់គីភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដែលបុគ្គលឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបន្លំលួចម្សៅទឹកដោះគោ១កំប៉ុង ដើម្បីយកទៅឲ្យជីដូនដែល ឈឺហូបបាយមិនកើតនៅផ្ទះ តែត្រូវសន្តិសុខផ្សារឡាក់គី ឃើញក៏បានឃាត់ខ្លួន ឲ្យសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ ប៉ុន្តែមិនមានចំណាត់ការផ្លូវច្បាប់ ដែលយកបុគ្គលឈ្មោះ យ៉ា ស្រីដា ទៅដាក់ទោសនោះទេ។

លើសពីនោះទៀត បន្ទាប់ពីពិនិត្យលទ្ធភាពជាក់ស្តែង និងដោយក្តីអាណិតអាសូរ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានអប់រំឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយក្នុងនោះដែរ លោកព្រះរាជអាជ្ញា បានឧបត្ថម្ភថវិកា ចំនួន១៥០ដុល្លារ បន្ថែម ដើម្បីយកទៅទិញទឹកដោះគោ ឲ្យជីដូនដែលកំពុងមានជម្ងឺ។ ដែលវាផ្ទុយពីការពិតដែលសាសាធារណជន និងបណ្តាញសង្គមមួយចំនួនមានការភាន់ច្រឡំថា ជាការអនុវត្តច្បាប់តឹងរ៉ឹង ចំពោះបុគ្គលដែលលួចម្សៅដោះគោនោះ ៕

សាច់ក្របីក្លាសេ្ស៣កុងតឺន័រ នាំចូលពីឥណ្ឌា​ មានផ្ទុកជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រុមមន្រ្តីជំនាញបានប្រកាសថា ក្នុងចំណោម៥កុងតឺន័រដែលផ្ទុកសាច់ក្របីក្លាស្សេ នាំចូលពីឥណ្ឌា ត្រូវបានក្រសួងសុខាភិបាលពិនិត្យរកឃើញផ្ទុកជំងឺកូវីដ១៩ចំនួន៣កុងតឺន័រ ។

យោងតាមលិខិតរបស់អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលនាថ្ងៃ១៩ កក្កដា ហើយផ្សាយជាសាធារណនាថ្ងៃ២៧ កក្កដានេះ បានឲ្យដឹងថា “ក្នុងចំណោមសាច់ក្របីបង្កកចំនួន៥កុងតឺន័រ មាន៣កុងតឺន័រដែលមានលេខ៖MNBU9077964 , MNBU0153955 និងMNBU0064694 នាំចូលពីប្រទេសឥណ្ឌាដោយក្រុមហ៊ុនបូវីនីហ្វ៊ូដឯ.ក និងក្រុមហ៊ុន អើស្តារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.កមានលទ្ធផលSARS-Cov2 វិជ្ជមាន” ។

ចំពោះលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាវិញចេញនាថ្ងៃ២១ កក្កដា បានឲ្យដឹងដែរថា គណៈកម្មការចំពោះកិច្ចមានភារកិច្ចចាត់វិធានការកំទេចចោលសាច់បង្កក និងមុខទំនិញបង្កកផ្សេងទៀតដែលបានរកឃើញថា មានវិរុសកូវីដ១៩ ។

សូមបញ្ជាក់ថា ក្រោយការរកឃើញ សាច់ក្របីទាំងនោះមានផ្ទុះកូវីដ នឹងត្រូវនាំយកទៅដុតបំផ្លាញចោល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ។

រាជរដ្ឋាភិបាលកម្ពុជាកម្ពុជាធ្លាប់បានអនុញ្ញាតឲ្យនាំចូលសាច់បង្កកពីឥណ្ឌាម្តងរួចមកហើយ ប៉ុន្តែតាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានផ្អាកការនាំចូលសាច់គោ និងទំនិញពីឥណ្ឌាចូលមកកម្ពុជា ក្រោយពីឥណ្ឌាផ្ទុះជំងឺកូវីដ-១៩ ខ្លាំង៕

បំពេញបែបបទ ត្រឹមត្រូវចុះបញ្ជី ជាផ្លូវការហើយ លោក ប៉ុល ហំម នឹងក្លាយជាប្រធាន គណបក្សកែទម្រង់កម្ពុជា

ភ្នំពេញ ៖ លោក អ៊ូ ច័ន្ទរ័ត្ន តំណាងគណបក្សកែទម្រង់កម្ពុជា បានឲ្យដឹងថា លោក ប៉ុល ហំម នឹងក្លាយជាប្រធាន គណបក្សកែទម្រង់កម្ពុជា ក្រោយការបំពេញ បែបបទត្រឹមត្រូវ ចុះបញ្ជីជាផ្លូវការ នៅក្រសួងមហាផ្ទៃ ។

លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៧ កក្កដា ថា ក្រោយពីក្រសួងមហាផ្ទៃ អះអាងថា គណបក្សកែទម្រង់កម្ពុជា បានធ្វើសកម្មភាព នយោបាយបំពានច្បាប់ ដោយសារ ពុំទាន់បានចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយ នៅក្រសួងជាផ្លូវការ នៅឡើយនោះ គណបក្សនឹងបំពេញឯកសារពាក់ព័ន្ធដាក់ទៅក្រសួង ដើម្បីចុះបញ្ជីជាផ្លូវការ នៅចុងសប្តាហ៍នេះហើយ ។

លោកថា ក្រោយក្រសួង អនុញ្ញាតឲ្យចុះបញ្ជីជាផ្លូវការហើយ បើតាមគម្រោងគណបក្ស នឹងធ្វើសមាជនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ខាងមុខ ហើយប្រកាសទទួលស្គាល់លោក ប៉ុល ហំម ជាប្រធានគណបក្សតែម្តង។

លោកបញ្ជាក់ថា “ឯកឧត្តម ប៉ុល ហំម យើងបានសម្រេចជារួមពីស្ថាបនិកទាំងអស់ ហើយសូមអញ្ជើញឯកឧត្តម ប៉ុល ហំម មកធ្វើជាប្រធានគណបក្ស ហើយលោកក៏បានទទួលមូរមាត់អី ជាមួយគ្នាហើយដែរ” ។

លោកអ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ពីមូលហេតុ នៃការជ្រើសយកលោក ប៉ុល ហំម ធ្វើជាប្រធានគណបក្ស ដោយ សារលោក ប៉ុល ហំម មានលក្ខណៈសម្បត្តិ ជាអ្នកដឹកនាំ ជាមនុស្សចាស់ទុំ មានភាពស្អាតស្អំ ក្នុងការដឹកនាំបក្សប្រឆាំង ធ្វើនយោបាយ បន្ទាប់ពីលោក សម រង្ស៊ី និងលោក កឹម សុខា ។ ម្យ៉ាងទៀត លោកមិនមែនជាមនុស្សជ្រុលនិយម និយាយរួមលោក ប៉ុល ហំម ជាអ្នកឈរលើគោលការណ៍កណ្តាល ។

សូមបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជា សរសេរជាអក្សរកាត់ «គកក» និងឈ្មោះជាអក្សរឡាតាំង «CAMBODIA REFORM PARTY» មានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ៕

កម្ពុជា ជឿជាក់ថា ចិន កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា អំឡុងពេល និងក្រោយកូវីដ-១៩

ភ្នំពេញ៖ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានជឿជាក់ថា ចិន កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អំឡុងពេល និងក្រោយកូវីដ-១៩ ខណៈកម្ពុជា ប្រកាន់ខ្ជាប់គោលនយាបាយចិនតែមួយ។

ក្នុងពិធីបើកវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាល កម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក ប៊ិន ឈិន បានថ្លែងថា មិនថា ក្នុងកាលៈទេសៈ បែបណាទេ ចិនតែងផ្តល់ការជ្រោមជ្រែង និងគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍដោយសមស្រប ទៅនឹងស្ថានភាពរបស់ប្រទេសខ្លួន ជាពិសេស ផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ។

លោក បន្ដថា សហគ្រាសចិ នក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងស្ពាន និងផ្លូវថ្នល់នៅកម្ពុជា ដែលជាការរួម វិភាគទាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-ចិន កំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ទំនាក់ទំនងនេះ ក្លាយជាគំរូ នៃការរួមរស់ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោកបន្ថែមថា ក្នុងស្ថានភាពដ៏លំបាកនាពេលនេះ ដែលបង្កឡើងពីការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចិនបានរួមចំណែកយ៉ាងសកម្ម ក្នុងការរួមសហការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ដោយបានផ្គត់ផ្គង់វ៉ាក់សាំង ដល់កម្ពុជាយ៉ាងទៀងទាត់ និងទាន់ពេលវេលា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដែលនឹងអាចឈានទៅចាក់ ជូនប្រជាពលរដ្ឋបានទូទាំងប្រទេស នាឆ្នាំ២០២២ ខាងមុខ។

លោក ប៊ិន ឈិន បញ្ជាក់ថា «ខ្ញុំជឿជាក់ថា ប្រទេសចិន ក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ ផងដែរ។ ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ»។

លោកលើកឡើងទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងឈរលើមូលដ្ឋាន នៃការគោរពអធិបតេយ្យ និងមិនជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍ គ្នាទៅវិញ ទៅមក។ លោកថា កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោល ជំហរគោរពគោលនយាបាយចិនតែមួយ និងគាំទ្រគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីឈានទៅតភ្ជាប់ បណ្ដាប្រទេសក្នុងតំបន់ អាស៊ីទាំងមូល។

ឆ្លៀតឱកាសនោះដែរ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បានអំពាវនាវឲ្យអ្នកតំណាងនៃស្ថាប័នរដ្ឋ, គ្រឹះស្ថានស្រាវជ្រាវ, ពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាំងពីរ ខិតខំរួមគ្នារៀបចំគោលនយោបាយ និងទាញយកផលប្រយោជន៍ជូនប្រជាជន និងប្រទេសទាំងពីរ ពីឱកាសមាសនៃយុគ្គសម័យថ្មីនៃសេដ្ឋកិច្ចតំបន់ និងពិភពលោក។

លោករដ្ឋលេខាធិការ ក៏បានរំពឹងយ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ក៏នឹងជួយចូលរួមចំណែក យ៉ាងធំធេងដល់យុទ្ធសាស្រ្ត ស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា សេដ្ឋកិច្ចរបស់ចិនផងដែរ៕

ចិន ត្រូវតែជួយកម្ពុជា ឲ្យក្លាយជាប្រទេសគំរូ ទោះបីកម្លាំងអមិត្ត បង្ខូចកេរ្តិ៍ឈ្មោះ ទំនាក់ទំនង រវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កម្លាំងអមិត្តខាងក្រៅ មិនចង់ឃើញភាពរីកចម្រើន នៃទំនាក់ទំនងរវាងកម្ពុជា-ចិន ដោយប្រឌិតរឿងរ៉ាវ និងបង្ខូចកេរ្តិ៍ឈ្មោះ ប្រទេសទាំងពីរ ហើយចិនត្រូវតែជួយកម្ពុជា ឲ្យក្លាយជាប្រទេសគំរូមួយ ផងដែរ ។

ក្នុងវេទិកាពិធីបិទ កម្រិតខ្ពស់នៃធនាគារខួរក្បាល កម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន នារៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធ វិដេអូ លោកបណ្ឌិត គិន ភា បានលើកឡើងថា កម្ពុជាជួបប្រទះនូវបញ្ហា ប្រឈមធ្ងន់ធ្ងរ ដែលបណ្តាលមកពីការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ។ ចិនក្នុងនាមជាមិត្តដ៏រឹងមាំ បានប្រឹងប្រែងយ៉ាង អស់ពីសមត្ថភាព ដើម្បីធ្វើការជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតនេះ ។

លោកបណ្ឌិតបន្ដថា ប្រទេសទាំងពីរប្រកាន់ជំហរពហុភាគីនិយម ជាពិសេស ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ជាកម្លាំងស្នូលសម្រាប់ជំរុញទំនាក់ទំនងអន្តរជាតិ ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក សមធម៌ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដើម្បីបុព្វហេតុសម្រេច ឲ្យបាននូវអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

លោកបណ្ឌិតបន្ថែមថា ចំណងមិត្តភាពកម្ពុជា-ចិនពិតជានឹងឆ្ពោះ ទៅរកសហគមន៍ដែលមានអនាគតរួមគ្នា ដែលប្រទេសនិង ប្រជាជនទាំងពីរមានការ រីកចម្រើនរួមគ្នា ប្រកបដោយសុខដុមរមនា ។ ទំនាក់ទំនងនេះបានក្លាយជាគំរូ នៃការរួមរស់ប្រកប ដោយសន្តិសហវិជ្ជមានប្រកប ដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងចំណោមបណ្តាប្រទេសនានា (a model of friendly coexistence and close cooperation among countries) ។

លោកបណ្ឌិត គិន ភា បញ្ជាក់ថា «ទោះជាបែបនេះក្តី កម្លាំងអមិត្ត ខាងក្រៅ ពិតជាមិនចង់ឃើញភាពរីកចម្រើន នៃទំនាក់ទំនង រវាងប្រទេសយើង ទាំងពីរនោះទេ ពួកគេតែងប្រឌិតរឿងរ៉ាវ និងរៀបចំឈុតឆាក ជាច្រើនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ក្នុងន័យនេះ ប្រទេសចិន ត្រូវតែជួយប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសគំរូមួយលើការអភិវឌ្ឍ ដោយសារតែមានទំនាក់ទំនងដ៏ល្អ និងស៊ីជម្រៅ ជាមួយប្រទេសចិន»។

លោកបណ្ឌិត លើកឡើងទៀតថា កិច្ចការបន្ទាន់មួយទៀត ដែលបញ្ញវន្តត្រូវធ្វើ ដើម្បីរួមចំណែកលើកកម្ពស់ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ គឺការចូលរួមផ្សព្វផ្សាយ អំពីប្រទេសកម្ពុជា និងចិន ដល់ប្រជាជនទាំងពីរឲ្យបានទូលំទូលាយ ពង្រីកការស្វែងយល់ពីគ្នាទៅវិញទៅមក ឲ្យកាន់តែស៊ីជម្រៅ ពង្រឹងវប្បធម៌សន្ទនា រៀនសូត្រពីគ្នាទៅវិញទៅមក និងពិភាក្សាគ្នាដោយ ភាពស្មោះត្រង់ស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន និងការកំណត់ទិសដៅថ្មីបំផុត ក្នុងការចាប់យកសក្តានុពល នៃការអភិវឌ្ឍរួមគ្នា ៕

រាជរដ្ឋាភិបាល បិទព្រំដែន កម្ពុជា-ថៃ ជាបណ្តោះអាសន្ន លើកលែងតែ ការដឹកជញ្ជូនទំនិញ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបិទព្រំដែន កម្ពុជា-ថៃ ជាបណ្តោះអាសន្នលើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសតែប៉ុណ្ណោះ ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delita)។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទី ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្ដាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delita)។

យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាស ន៍ថា«ដោយសារខេត្ត ដែលត្រូវបានបិទខ្ទប់ ភាគច្រើនមានព្រំប្រទល់ ជាប់នឹងព្រះរាជាណាចក្រថៃឡងដ៍ និងដើម្បីធានា ដល់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delita) ក្នុងខេត្តដែល ត្រូវបានបិទខ្ទប់ ប្រគល់ភារកិច្ចជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើទំនាក់ទំនងជាបន្ទាន់ជាមួយភាគីថៃ ដើម្បីបិទព្រំដែនជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់»។

សម្ដេចតេជោ ក៏បានណែនាំ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការគ្នាផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តវិធានការបិទខ្ទប់សម្រាប់បណ្តាខេត្តកម្ពុជា ដែលមានព្រំប្រទល់ជាមួយប្រទេសថៃព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរ មានសមត្ថកិច្ចថៃ ដើម្បីផ្តល់ការគាំពារចាំបាច់នានាដល់ពលករខ្មែរ រស់នៅប្រទេសថៃក៏ដូចជាសម្របសម្រួល ជាមួយពលករខ្មែរ រស់នៅថៃ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ ឱ្យពន្យារពេល នៃការវិលត្រឡប់របស់ខ្លួន រហូតដល់ការបិទខ្ទប់នេះ ត្រូវបានបញ្ចប់។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអភិបាលខេត្ត នៃខេត្តជាប់ព្រំប្រទល់ជាមួយថៃ ត្រូវបង្កើនកិច្ចសហការនិងការសម្របសម្រួលជាមួយបណ្តាខេត្តថៃ ដែលជាសមភាគីរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តនូវបណ្ដាវិធានការខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕

សេដ្ឋកិច្ចកម្ពុជា រងគ្រោះពីកូវីដ១៩ តែវិបត្តិនេះលាតត្រដាង កាលានុវត្តភាពជាច្រើន ដែលរដ្ឋាភិបាលកំពុងចាប់យក

ភ្នំពេញ៖ លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ទោះបីជាស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា រងគ្រោះពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែវិបត្តិនេះ លាតត្រដាងនូវកាលានុវត្តភាពជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់យក។

ក្នុងវេទិកាកម្រិតខ្ពស់នៃ ធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ហួត ពុំ បានថ្លែងឲ្យដឹងថា ដង្ហើមជីវិតមានសារៈសំខាន់ ជាងដង្ហើមសេដ្ឋកិច្ច ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ គឺជាការធ្វើតេស្តដែលមិនធ្លាប់មានកន្លងមក ទៅលើសមត្ថភាពប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសនីមួយៗ ក៏ដូចជាប្រទេសកម្ពុជា ។

លោកបញ្ជាក់ថា «នៅគ្រប់វិបត្តិដែលកើតមានឡើង តែងតែបង្កប់មាននូវកាលានុវត្តភាព ដែលយើងមិនត្រូវមើលរំលងនោះទេ ។ ទោះបីជាស្ថានភាពសង្គម-សេដ្ឋកិច្ច របស់កម្ពុជាបានរងគ្រោះ ពីវិបត្តិនៃជំងឺកូវីដ-១៩ នេះក៏ពិតមែន ប៉ុន្តែវិបត្តិនេះបានលាតត្រដាង នូវកាលានុវត្តភាពជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាប់យក»។

លោកបន្ដថា ជាក់ស្តែង នៅក្នុងគោលបំណងកាត់បន្ថយ នូវសម្ពាធមកលើស្ថានភាពសេដ្ឋកិច្ច និងរក្សាឲ្យបាននូវស្ថិរភាពជីវភាព របស់ប្រជាជន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវវិធានការអន្តរាគមន៍ ចំនួន៩ ជុំ ។ តាមរយៈការដាក់ចេញនូវវិធានការទាំងនេះ បានសង្កេតឃើញច្បាស់អំពីតម្រូវការចាំបាច់ ក្នុងការកែទម្រង់មុតស្រួចជាច្រើន ដែលមានសារៈសំខាន់ក្នុងការស្តារ និងកសាងភាពធន់នៃ ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់ពេលនេះ និងអនាគតកាល ។

លោកបញ្ជាក់ទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាន់យកអភិក្រមចំនួន៣ គឺ៖ ការរក្សាលំនឹង និងការស្តារឡើងវិញ (Recovery), ការកែទម្រង់ (Reform) និងការកសាងភាពធន់ (Resiliency) ដើម្បីរៀបចំស្ថានភាពសេដ្ឋកិច្ច ឲ្យត្រឡប់មកវិថីនៃកំណើនឡើងវិញ ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី ។

ជាងនេះទៅទៀត លោកអនុរដ្ឋលេខាធិការ មានជំនឿចិត្តយ៉ាងមុតមាំ ទៅលើវិវឌ្ឍនភាពដ៏រឹងមាំ និងភាពជិតស្និទ្ធនៃទំនាក់-ទំនងទ្វេភាគីកម្ពុជា-ចិន ទោះបីជាស្ថិតក្នុងបរិការណ៍ ដ៏លំបាកនេះក៏ដោយ ៕

អតីតយុវជន CNRP នៅកូរ៉េ ៖ លោក សម រង្ស៊ី ដូចទូកជ្រុលកល់ថ្ម ទៅមុខលែងកើត ថយក្រោយមិនបាន

ភ្នំពេញ ៖ អតីតយុវជននៃអតីតគណបក្សសង្រ្គោះជាតិ(CNRP)ប្រចាំប្រទេសកូរ៉េខាងត្បូង លោក មាស ពិសាល បានលើកឡើងថា បច្ចុប្បន្នលោក សម រង្ស៊ីកំពុងស្ថិតដល់ដំណាក់កាលដូច “ទូកជ្រុលកល់ថ្ម” ទៅមុខលែងកើត ថយក្រោយមិនបាន។

ន័យ “ទូកជ្រុលកល់ថ្ម” នេះ យុវជនមាស ពិសាល បានរៀបរាប់ថា លោកសម រង្ស៊ី និងមន្ត្រីស្មោះស្ម័គ្រលើកហេតុផលក្រោយការរំលាយ CNRP ថា “បក្សគាំងធ្វើការមិនកើត” ហើយនាំគ្នារត់ចោលបក្សទៅបង្កើតចលនា រួចរត់ចោលចលនា ទៅបង្កើតអូ(cnrp-o)។ ដំបូងក្រុមលោកសម រង្ស៊ីនៅមានអន្តរជាតិគាំទ្រ តែចុងក្រោយនេះ បន្ទាប់ប្រកាសធ្វើរដ្ឋប្រហារ ប្រមាថព្រះមហាក្សត្រ ក៏ត្រូវបានអង្គការស្ថាប័នអន្តរជាតិមួយចំនួនដកខ្លួនឈប់ពាក់ព័ន្ធ សូម្បីតែអ្នករាយការណ៍ពិសេសអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏ធ្លាប់ប្រកាសថ្កោលទាស ចំពោះសកម្មភាពខុសឆ្គងរបស់លោកផងដែរ ។

លោកបន្តថា ក្រោយផុងខ្លួនជាមួយបនអូរដើរបំបែកកម្លាំងជាច្រើនកន្លែង ស្ទើរគ្រប់ប្រទេសលោកបានធ្លាក់ចុះការគាំទ្រយ៉ាងខ្លាំង ។ ទន្ទឹមនឹងមិនអាចចូលស្រុកបាន មន្ត្រីមួយចំនួនជួយបង្កើតក្រុមផ្សព្វផ្សាយលើកមុខលោកក្តី ក៏លោកហាក់គិតថាមិនគ្រប់គ្រាន់ដោយខ្លួនបានចេញមុខផ្សាយផ្ទាល់តាមហ្វេសប៊ុកជាញឹកញាប់ បង្កើតព្រឹត្តិការណ៍ផ្សេងៗ ទោះដឹងថា មិនអាចជួយជាតិ និងប្រជាជន ផ្ទុយទៅវិញបានត្រឹមធ្វើឲ្យអាជ្ញាធរកម្ពុជា មានលេសចាប់ខ្លួន ធ្វើទុក្ខបុកម្នេញសកម្មជនក្នុងស្រុកប៉ុណ្ណោះ ។

លោកថា ដោយសារជំហានចុងក្រោយលោក សម រង្ស៊ីដើរខុសធ្ងន់ជាច្រើនដងច្រើនសាររួមទាំងផុងខ្លួនជាមួយក្រុមអូបំបែកកម្លាំង ពាក់ព័ន្ធក្រុមជេរបញ្ចោរជាប្រព័ន្ធនៅក្រៅស្រុក លោកសម រង្ស៊ីបានធ្លាក់ប្រជាប្រិយទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយបញ្ញវន្តមួយចំនួនដែលធ្លាប់ជួយលោកក៏ដកថយ។

លោក មាស ពិសាលបន្ថែមថា “យ៉ាងណាទូកលោកសម រង្ស៊ីឡើងកល់ហើយ ជាប់កាន់តែយួរស្បៀងកាន់តែខ្សត់ ពលកាន់តែខ្សោយ ពលនៅសេសសល់ខ្លាំងតែខាងបំបែក ជេរ និងលាបពណ៌ ស្រែកស្នេហាជាតិពីក្រៅស្រុក មើលងាយអ្នកនៅក្នុងស្រុកថាកំសាក ធ្វើឲ្យការគាំទ្ររបស់លោកក៏កាន់តែធ្លាក់ផងដែរ” ។

លោកបន្តថា ថ្មីៗនេះលេចឮដំណឹងថា គណបក្សមួយឈ្មោះ” បេះដូងជាតិ ” ត្រូវបានបង្កើតឡើងដោយមានលោកសម រង្ស៊ីជម្រុញពីក្រោយ។ បក្សនេះអាចជាសារសុំជំនួយមកយឹតយោងសណ្តោងទូកលោក សម រង្សីកំពុងជាប់គាំង។

លោក មាស ពិសាល លើកជាសំណួរថា តើនរណាអាចមកសណ្តោងទូកលោកសម រង្ស៊ីដែលកំពុងជាប់កល់នៅពេលនេះបាន? លោកថា លោកសម រង្ស៊ី រាល់ពេលដើរដល់ផ្លូវទាល់តែងមាន”បុរសជិះសេះខ្មៅតែលាបថ្នាំស” មកជួយស្រង់គាត់ដើម្បីគ្រាន់ជិះកំដរគ្នាមួយរយៈ ទម្រាំបុរសជិះសេះខ្មៅនោះធុញដេញលោកឲ្យទៅឆ្ងាយលែងឲ្យរួមដំណើរជាមួយ។ ចុះលើកនេះ “បុរសជិះសេះខ្មៅលាបថ្នាំស” នោះនឹងជួយលោកសម រង្ស៊ីទៀតទេ? ប៉ុន្តែបើទូកនយោបាយរបស់លោកត្រូវបានជួយសង្គ្រោះដោយបុរសនោះមែន វាសនាលោកនឹងវិលវល់ដូចពេលមុនៗ គឺបានត្រឹមលេងល្បែងដែលបុរសនោះអាចគ្រប់គ្រងបានយ៉ាងប្រាកដ និងមិនអាចធ្វើការផ្លាស់ប្តូរ ឬផ្តល់ប្រយោជន៍អ្វីដល់ពលរដ្ឋសោះឡើយ៕

ទូតអាមេរិក៖ វ៉ាក់សាំងកូវីដ១៩ អាមេរិកផ្ដល់ឲ្យកម្ពុជា មិនភ្ជាប់លក្ខខណ្ឌអ្វីឡើយ

ភ្នំពេញ៖ លោក Benjamin Wohlauer ឯកអគ្គរដ្ឋទូតអាមេរិកស្តីទី បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក ផ្ដល់វ៉ាក់សាំងមកឲ្យកម្ពុជាចំនួន ១លានដូសនេះ មិនភ្ជាប់លក្ខខណ្ឌណាមួយឡើយ ផ្ទុយទៅវិញ អាមេរិក ចែករំលែកវ៉ាក់សាំងទាំងនេះ ដើម្បីសង្គ្រោះ ជីវិតមនុស្ស ។

ក្នុងពិធីទទួលវ៉ាក់សាំង Johnson & Johnson ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក Benjamin Wohlauer បានថ្លែងថា ជាមួយនឹងការចូលរួម ចំណែកនេះសហរដ្ឋាអារមរិក បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តយូរអង្វែង ចំពោះសុខភាពសារធារណៈនៅកម្ពុជា។ លោកថា ការប្ដេជ្ញាចិត្តនេះ កាន់តែមានភាពច្បាស់លាស់ ក្នុងអំឡុងពេលមានជំងឺរាតត្បាត ទូទាំងពិភពលោកនេះ។

លោកមានប្រសាសន៍ថា «ខ្ញុំសូមធ្វើការបញ្ជាក់ថា យើងមិនចែករំលែកដូសទាំងនេះ ដើម្បីទទួលបានការអនុគ្រោះស្វែងរកសម្បទានទេ។ វ៉ាក់សាំងរបស់យើង មិនមានភ្ជាប់ជាមួយលក្ខខណ្ឌណាមួយឡើយ ។ យើងចែករំលែកវ៉ាក់សាំងទាំងនេះ ដើម្បីជួយសង្គ្រោះជីវិត និងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីបញ្ចប់ការរីករាលនៃជំងឺរាតត្បាត»។

លោកបន្ដថា សហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្តនូវថវិកាចំនួន៤ពាន់លានដុល្លារ ដល់យន្ដការកូវ៉ាក់ដើម្បី ក្លាយជាប្រទេសចូលរួមធំជាងគេតែមួយគត់ ក្នុងការឆ្លើយតបជាអន្ដរជាតិ ទៅនឹងកូវីដ-១៩។ អាមេរិក បានផ្ដល់ថវិកាជាង១១លានដុល្លារ ជាជំនួយដល់ការពារកូវីដ-១៩ ចាប់តាំងពីការរាតត្បាតដំបូង បានផ្ទុះឡើងនៅកម្ពុជា។

ឆ្លៀតឱកាសនោះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្ដល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៧,១៣១,១៨៤នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន៧១.៣១% ហើយ ៕

កម្ពុជា ប្រកាសផ្អាកការនាំចូល សាច់បង្កកពីបរទេស បន្ទាប់ពីរកឃើញសាច់បង្កក មានផ្ទុកវីរុសកូវីដ-១៩ 

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានបញ្ជាក់ថា កម្ពុជា សម្រេចផ្អាកការនាំចូលសាច់បង្កកពីបរទេសជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញសាច់បង្កកមានផ្ទុកវីរុសកូវីដ-១៩ កាលពីពេលថ្មីៗនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ នេះបេីយោងតាមការចេញផ្សាយ របស់ ក្រសួងព័ត៌មាន។

លោក វេង សាខុន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ កម្ពុជាបានរកឃើញវីរុសកូវីដ១៩នៅក្នុងសាច់ក្របីបង្កក ដែលនាំចូល ពីប្រទេសឥណ្ឌាចំនួន៣កុងតឺន័រក្នុងចំណោម៥កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត ប៉ុន្តែក៏ត្រូវបានដុតបំផ្លាញចោលរួចរាល់ហើយនៅក្នុងខេត្តកំពង់ស្ពឺ ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកនូវការនាំចូលសាច់បង្កកពីបរទេសមួយរយៈ ។

លោក បានបន្តថា ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរត្ន៍ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់លិខិតសុំផ្អាកការនាំចូលសាច់បង្កកពីបរទេស គោរពជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

លោក បញ្ជាក់ថា «ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានឯកឧត្តម អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានធ្វើលិខិតទៅសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំការអនុញ្ញាតផ្អាកនាំចូលសាច់បង្កកពីបរទេស ដូច្នេះហើយសម្តេចតេជោក៏បានផ្តល់ជាចំណារយល់ ព្រមឱ្យផ្អាកការនាំចូលនូវសាច់បង្កកទាំងអស់ពីបរទេស ដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូច្នេះខ្ញុំគិតថា ចាប់ពីពេលនេះតទៅ គឺយើងមានការរិតត្បឹតដល់ការនាំចូលឬក៏ផ្អាកទាំងស្រុងក្នុងករណីចាំបាច់ណាមួយ តាមអ្វីដែលជាចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

សូមបញ្ជាក់ថា នេះជាលើកទី ២ហើយ ដែលកម្ពុជាបានផ្អាកជាបណ្តោះអាសន្ននូវការនាំចូលសាច់បង្កកពីប្រទេសឥណ្ឌា ដែល លើកទី១បានធ្វើឡើងកាលពីខែឧសភា បន្ទាប់ពីប្រទេសឥណ្ឌាមានការផ្ទុះឡើងនូវករណីឆ្លងជំងឺកូវីដ១៩ច្រើន៕

To Top
×