ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា រយៈពេល ៨ឆ្នាំចុងក្រោយនេះ មន្ត្រីឧទ្យានុរក្ស ចំនួន២រូប គ្រោះថ្នាក់ដល់ជីវិត ដោយសារតែក្រុមជនល្មើសបាញ់សម្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងអំឡុងបំពេញបេសកកម្ម។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា «ទិវាឧទ្យានុរក្សពិភពលោកត្រូវបានប្រារព្ធឡើង នាថ្ងៃទី ៣១ ខែកក្កដា ដើម្បីរំលឹកដល់មន្រ្តីឧទ្យានុរក្ស(Rangers) ដែលត្រូវបានសម្លាប់ឬរងរបួសក្នុងបេសកកម្មនៃកាតព្វកិច្ចការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងដើម្បីអបអរសាទរការងារមន្រ្តីឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញការងារដើម្បីការពារបេតិកភណ្ឌធម្មជាតិនិងវប្បធម៌របស់ពិភពលោក។ ក្នុងរយៈ ពេល ៨ ឆ្នាំចុងក្រោយនេះមានមន្ត្រីឧទ្យានុរក្សចំនួន ២ រូបបានទទួលរងគ្រោះថ្នាក់ដល់ជីវិតដោយសារតែក្រុមជនល្មើសបានបាញ់សម្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងអំឡុងបំពេញបេសកកម្មដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ»។

ក្រសួងបរិស្ថាន បានលើកទឹកចិត្តស្ត្រីចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។ បច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សាស្ត្រីចំនួន ៤២នាក់ ស្ថិតក្នុងចំណោមន្ត្រីឧទ្យានុរក្សសរុប ១២០០នាក់ ដែលក្រសួងបរិស្ថានបានដាក់ពង្រាយតាមតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៥ ទាំងតាំងមានទំហំប្រមាណ ៧,៣លានស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ២១ ក្នុងប្រទេសកម្ពុជា។ ឧទ្យានុរក្សស្ត្រីទាំងនោះកំពុងបំពេញតួនាទីដូចនឹងឧទ្យានុរក្សបុរសដែរ ដូចជាការល្បាតក្នុងព្រៃ ការពង្រឹងការអនុវត្តច្បាប់ចុះបង្រ្កាបបទល្មើស និងការធ្វើការអប់រំផ្សព្វផ្សាយពីច្បាប់ និងសារៈប្រយោជន៍នៃធនធានធម្មជាតិ ជីវៈចម្រុះជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងនិងជុំវិញតំបន់សហគមន៍ការពារធម្មជាតិនានានៃប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន បានបន្ដថា ទោះបីជាការងារជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។
សូមរំលឹកថា រយៈពេល៦ខែ ឆ្នាំ២០២១ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ដូចគ្នា មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ សរុបបានចំនួន ១៤,៤២២លើកក្នុង នោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤,២៣៨ករណី។

មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្ត បានចំនួន ២,៤៦២គ្រឿង ដកហូតរថយន្តចំនួន ១៨២គ្រឿង គោយន្តចំនួន ៣០៨គ្រឿង ម៉ូតូចំនួន ៣៣៦គ្រឿង ត្រាក់ទ័រចំនួន ២៤គ្រឿង ឈើចំនួន ១,២៦០ម៉ែត្រគូប។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិបានចំនួន ២៥,៥៩៦អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន ៣៤៨ដើម៕
