DAP News

ព័ត៌មានជាតិ

បញ្ហាកង្វះទូរកុងតឺន័រ និងតម្លៃដឹកជញ្ជូនកើនឡើង បណ្ដាលឱ្យការនាំចេញអង្ករកម្ពុជា ធ្លាក់ចុះជាង១០ម៉ឺន តោន (Video)

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល៧ខែនៃការនាំចេញអង្ករកម្ពុជា ធ្លាក់ចុះចំនួន ១១៦ ២០៨តោន (-២៧,២៧%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៧ខែឆ្នាំ២០២០ ដែលមានចំនួន ៤២៦ ០៧៣តោន។

ចំពោះការធ្លាក់ចុះនេះ លោករដ្ឋមន្រ្តី អះអាងថា បណ្ដាលមកពីកង្វះទូរកុងតឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង។

យោងតាមតាមរបាយការណ៍ស្ដីពីលទ្ធផលនៃការនាំចេញ កសិផល ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ ដោយផ្អែកលើប្រព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បរិមាណអង្ករនាំចេញមានចំនួន ៣០៩ ៨៦៥តោន មានការថយចុះចំនួន ១១៦ ២០៨តោន (-២៧,២៧%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៧ខែឆ្នាំ២០២០ ដែលមានចំនួន ៤២៦ ០៧៣តោន។
ក្នុងនោះការនាំចេញអង្ករក្នុងខែកក្កដា ឆ្នាំ២០២១ មានចំនួន ២៩ ៤១៥តោន កើនឡើងចំនួន ១ ០០២តោន (៣,៥៣%) បើធៀបនឹងខែកក្កដា ឆ្នាំ២០២០ ដែលមានចំនួន ២៨ ៤១៣តោន។

តាមការសន្និដ្ឋាន ការនាំចេញកសិផល សរុបក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ មានកំណើនចំនួន ៨៧,១០% ក្នុងនោះកសិផល ក្រៅពីអង្ករ មានការកើនឡើងចំនួន ១០៨,៦៣% រីឯការនាំចេញអង្ករ មានការថយចុះចំនួន -២៧,២៧% ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕

To Top