ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ៖ តំណក់ប្រេង លើកដំបូង នៅកម្ពុជា ប្រហែល ជាបរាជ័យហើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឲ្យដឹងថា ការប្រកាសតំណក់ប្រេងដំបូង របស់កម្ពុជា កាលពេលកន្លងមកនេះ ប្រហែលជាបរាជ័យហើយ ។

ថ្លែងក្នុងពិធីបើយុទ្ធនាការ ចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ ដល់កុមារចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នាព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០២១ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវសុំនិយាយបន្តិចរឿងនេះ ចុះ២៩ធ្នូ ឆ្នាំ២០២០ ដែលយើងប្រកាស ដំណក់ប្រេងលើកដំបូង របស់កម្ពុជា ប្រហែលជាបរាជ័យហើយ គ្រោងថាក្នុងមួយថ្ងៃបាន៥ពាន់៧០០បារ៉ែល ទីបំផុតមួយថ្ងៃបានតែ១ពាន់បារ៉ែល ។ ឥឡូវក្រុមហ៊ុននេះក្សៃធន់ វាបូកថែមទាំងកប៉ាល់ ដែលយើងបូម ដាក់រត់ចេញបាត់ទៅ»

សម្តេចបន្តថា ការរត់ចេញបាត់ របស់កប៉ាល់នេះ ភាគីកម្ពុជា ទប់ស្កាត់មិនទាន់ ដោយគេបានចូលដល់ទឹកដីថៃ ហើយគេមានមេធាវី របស់គេ ដោយបានជួលកប៉ាល់មកទុក ហើយពេលនេះបានយកប្រេង ដែលបូមហើយយកទៅ បាត់អស់ ។

សម្តេចបញ្ជាក់ថា «បាត់អស់ហើយអាប្រេង នឹងប៉ុន្តែដោយប្លុកប្រេង នៅច្រើនយើងកំពុងតែបន្តខិតខំ ដើម្បីបន្តរុករកនិងធ្វើអាជីវកម្ម »។

សម្តេច ក៏បានលើកឡើងថា ទោះបីជាបាត់បង់អាជីវកម្មប្រេងក្តី ប៉ុន្តែកម្ពុជា សំណាងបានអាជីវកម្មមាសមកវិញ ដោយត្រឹមរយៈពេលមួយខែ មាសចំរាញ់បានរហូតដល់១៣៧គីឡូ (មាស៩០ភាគរយ) ក្នុងនោះចំនួននេះមាសមួយដុំ ២០គីឡូ ១៥គីឡូ …។

សម្តេចបានលើកឡើងថា ចំណូលរបស់កម្ពុជា ក៏បានមកពីអាជីវកម្មរ៉ែមាស នេះផងដែរ ។

សូមរំលឹកថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ឱ្យដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្ម លើកដំបូងរប ស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១តទៅ។ រោងចក្រចម្រាញ់ រ៉ែមាសដំបូង នៅកម្ពុជា អាចផលិតមាសសុទ្ធបា នប្រមាណ៣ តោនក្នុង១ឆ្នាំ ។ ដំណើរការនៃរោងចក្រចម្រាញ់រ៉ែមាសនេះ នឹងអនុវត្តឡើងដោយ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោយចំណាយ ពេលរុករកធនធានធម្មជាតិនេះ អស់រយៈពេលប្រមាណ ១៤ឆ្នាំមក ៕ ស សំណាង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top