ព័ត៌មានជាតិ

កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ មកទទួលការចាក់ វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ យ៉ាងច្រើន

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ គឺជាថ្ងៃចាប់ផ្ដើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ខណៈនៅថ្ងៃដំបូងនេះ មានកុមារ និងយុវវ័យ យ៉ាងច្រើនលើសលប់ បានសម្រុកមកទទួល ការចាក់វ៉ាក់សាំង ទៅតាមការចាត់ចែង របស់អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ពេញៗមណ្ឌល ។

អាជ្ញាធរខណ្ឌ-សង្កាត់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ពិសេសគឺការរៀបចំ សណ្តាប់ធ្នាប់ និងជំរុញឱ្យរក្សាគម្លាត សុវត្ថិភាពសង្គម កុំឱ្យរីករាលដាល ជំងឺកូវីដ -១៩ ស្រពលដេលជុំវិញការចាក់ វ៉ាក់សាំង ជូនកុមារ និងយុវវ័យខាងលើទាំង៣៩ទីតាំង បានដំណើរការទៅដោយរលូន ។

គួរឲ្យដឹងដែរថា ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានព្រមានទៅអាជ្ញាធរខណ្ឌសង្កាត់ ភូមិ គឺមិនអនុញ្ញាត ឱ្យមានជាដាច់ខាត ចំពោះការយកលុយ ជាថ្នូរនៃការផ្តល់ប័ណ្ណចាក់សាំង ជូន កុមារ បើមានករណីបែបនេះ នឹងមានបញ្ហាប្រឈម ជាមួយនឹងអាជ្ញាធរពោល គឺរដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគយល់ឡើយ ។

គួរបញ្ជាក់ថា បើយោងតាមជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ការចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ១៩នេះ ដូសទី១ ចាប់ពីថ្ងៃទី១ ដល់១៤ ខែសីហា ឆ្នាំ២០២១ និងដូសទី២ ចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ៕

To Top