ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-អាមេរិក នឹងធ្វើជាសហប្រធាន ដឹកនាំប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-អាមេរិក លើកទី២ (Video)

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងធ្វើជាសហប្រធានជាមួយលោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ក្នុងការដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២ សីហានេះ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសនៃ បណ្តាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

អង្គប្រជុំ នឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី១ ដែលបានរៀបចំឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ និងកំណត់ទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ និងជំរុញ បន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាបាននូវអនុតំបន់មេគង្គ ដែលមានស្ថិរភាព ភាពរឹងមាំធន់នឹងវិបត្តិ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងវិបុលភាពប្រកបដោយចីរភាព ដោយមានការគិតគូរពិចារណា ទៅដល់ជំងឺរាតត្បាតកូវីដ-១៩ និងផែនការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាពរបស់ អនុតំបន់ក្រោយជំងឺរាតត្បាត។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ នេះ នឹងបញ្ជាក់ពីមិត្តភាពដ៏រឹងមាំ និងកិច្ចសហការដ៏ជោគជ័យ រវាងបណ្តាប្រទេសទន្លេមេគង្គ និងសហរដ្ឋអាមេរិក ហើយនិងផ្តល់កាលានុវត្តភាព ប្រកបដោយសក្តានុពលសម្រាប់ កិច្ចសហប្រតិបត្តិការជាក់លាក់ និងមានផលប្រយោជន៍ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅក្នុងអនុតំបន់ មេគង្គ និងកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន ៕

To Top