ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺថា ដោយសារផ្លូវជាតិលេខ៦ A មានគ្រោះថ្នាក់ចរារណ៍កើតឡើងច្រើនទើប បញ្ជាដាក់គោលដៅពិនិត្យចរាចរណ៍២កន្លែង។ នេះបើយោងតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ការបំភ្លឺនេះ ក្រោយមានការចែកចាយសារសំឡេងមួយបន្តគ្នាថា ហេតុអ្វីនៅក្នុងខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦A មានគោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន ២គោលដៅ ។ ក្នុងសារនោះក៏ បាននិយាយថា បទបញ្ជារបស់ថ្នាក់ដឹកនាំ ហាមមិនឲ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងហាមមិនឲ្យធ្វើការផាកពិន័យអ្នកល្មើសច្បាប់ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺ កាលពីថ្ងៃ១ សីហាថា ការអនុវត្តធ្វើឡើងតាមបទបញ្ជា និងការណែនាំរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាកងកម្លាំងទាំងអស់ត្រូវបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាប្រចាំ ។
ប្រភពបន្តថា ការអនុវត្តនេះ បានជួយកាត់បន្ថយដល់ការគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី និងបានកាត់បន្ថយអត្រានៃការស្លាប់ និងខូចខាតទ្រព្យសម្បត្តិ ជាច្រើនផងដែរ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា “ម្យ៉ាងវិញទៀតដោយមើលឃើញចំនួនគ្រោះថ្នាក់ចរាចណ៍លើដងផ្លូវជាតិ លេខ ៦A កើតឡើងច្រើនទើបការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់គោលដោលដៅចំនួន២ ដើម្បីត្រួតពិនិត្យ និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ទី១. អនុវត្តចំពោះមធ្យោបាយធ្វើដំណើរចេញពីក្រុង និងទី២. អនុវត្តចំពោះមធ្យោបាយធ្វើដំណើរចូលក្រុងវិញ” ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនេះក៏បន្តថា ចំពោះគ្រប់គោលដៅអនុវត្ត រឹតបន្តឹងច្បាប់ ស្តីពីចរាចរណ៍ទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ និងធ្វើការអប់រំណែនាំអ្នកបើកដែលល្មើស ព្រមទាំងផាកពិន័យតាមច្បាប់កំណត់ ។ ក្នុងនោះគោលដៅនៅរង្វង់មូលគួចការណុង គឺជាគោលដៅសម្រួលចរាចរណ៍ និងអនុវត្តច្បាប់ស្តីពីចរាចណ៍ផង និងជាគោលដៅឈរជើង ២៤/២៤ម៉ោងផង របស់ការិយាល័យចរាចរណ៍ផ្លូវគោក ។
សូមបញ្ជាក់ថា ចាប់តាំងពីការអនុវត្តរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ខែឧសភា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន) ចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះច្រើនគួរឲ្យកត់សំគាល់ ៕