ភ្នំពេញ៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានវាយប្រហារលោក សម រង្ស៊ីចំពោះការប្រកូកប្រកាស គម្រោងបង្កើតរដ្ឋាភិបាលរួបរួមជាតិថា គឺជាគម្រោងខ្មោច ឬគម្រោងខ្យល់ ។
តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ២ សីហា លោក គង់ គាំបានថ្លែងថា យ៉ាងហោចណាស់អ្នកនយោបាយនៃអតីត CNRP ដែលជាប់បម្រាមចំនួនមួយភាគបី (អាចច្រើនឡើងៗ មុនឆ្នាំ២០២២/ឆ្នាំ២០២៣) បន្តសុំសិទ្ធិធ្វើនយោបាយ នៅកម្ពុជាឡើងវិញ ។
លោកបន្តថា “ដោយពួកគេឈប់រវើរវាយ ពិសេសមិនចង់ពាក់ព័ន្ធ គម្រោងរដ្ឋាភិបាលរួបរួមជាតិ (ខ្មោច/ខ្យល់)របស់សម រង្ស៊ី និងក្រុមក្រៅច្បាប់ ក្រៅប្រទេស ឬគម្រោង (សហគមន៍អាស៊ានស្រមោល) នៃក្រុមអ្នកនយោបាយមិនកាន់អំណាច របស់បណ្តាប្រទេសអាស៊ាន ដើម្បីសង្គ្រាមត្រជាក់ថ្មី រវាង(BRI/ចិន – B3Wសហរដ្ឋអាមេរិក/EU)” ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៧ កក្កដា លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចាប់ផ្តើមគិតគូរបង្កើត រដ្ឋាភិបាលរួបរួមជាតិនៅកម្ពុជា ដោយយកតាមគំរូប្រទេសភូមា ដើម្បីទាមទារឲ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រគល់អំណាចជូនពលរដ្ឋ ។
ក្រោយការប្រកាសរបស់បែបនេះ មានមន្រ្តីដែលជាអតីតមន្រ្តីនៃ អតីតគណបក្សសង្រ្គោះជាតិ សង្គមស៊ីវិល និងក្រុមបញ្ញវ័ន្តខ្មែរនៅក្រៅប្រទេស បានបញ្ចេញមតិស្រដៀងគ្នាថា ការប្រកាសរបស់លោក សម រង្ស៊ី ដើម្បីចង់ឲ្យឈ្មោះលោក ត្រូវបានគេចាប់អារម្មណ៍ឡើងវិញ បន្ទាប់ពីឈ្មោះលោកបានស្ងប់ស្ងាត់ ហើយថា គម្រោងនេះក៏មិនចេញជារូបរាងអ្វីដែរ ៕