ព័ត៌មានជាតិ

ប្រមុខការទូតអាស៊ាន អនុម័តលើគោល ការណ៍ណែនាំ សម្រាប់ចូលជាសមាជិក របស់ទីម័រឡេស្តេ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន លើកទី២៩ នៅថ្ងៃទី២ សីហា រដ្ឋមន្ត្រីការបរទេស អាស៊ាន បានអនុម័តលើគោល ការណ៍ណែនាំ សម្រាប់ការចូលរួមជាសមាជិក របស់ប្រទេសទីម័រឡេស្តេ ក្នុងសកម្មភាពនានា របស់អាស៊ាន ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បានពិភាក្សាអំពីការងារឆ្លងវិស័យ រួមទាំងអាទិភាពអាស៊ានឆ្នាំ២០២១ និងសមិទ្ធផលសំខាន់ៗ និងសំណើរបស់ប្រទេសទីម័រឡេស្តេ ជាសមាជិកនៅក្នុងអាស៊ាន ។

ក្នុងប្រកាសបញ្ជាក់ថា «សម្រាប់សំណើរបស់ ប្រទេសទីម័រឡេស្តេ ធ្វើជាសមាជិកអាស៊ាន កិច្ចប្រជុំបានអនុម័ត លើគោលការណ៍ណែនាំ សម្រាប់ការចូលរួម របស់ប្រទេសទីម័រឡេស្តេ នៅក្នុងសកម្មភាពនានា របស់អាស៊ាន ក្នុងគោលបំណងកសាង សមត្ថភាព ដើម្បីអនុញ្ញាតឲ្យប្រទេស ទីម័រឡេស្តេ អាចធ្វើការសម្របខ្លួនទៅ តាមដំណើរការនានាពាក់ព័ន្ធនឹងអាស៊ាន» ។

រដ្ឋមន្រ្តីការបរទេសរំពឹងថា នឹងបញ្ចប់បេសកកម្មស្វែងយល់ការពិត (Fact Finding Mission) នៃសសរស្តម្ភសហគមន៍ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ នៅប្រទេសទីម័រឡេស្តេ នៅក្នុងពេលឆាប់ៗនេះ នៅពេលដែលជំងឺកូវីដ-១៩ ធូរស្រាល ។

កិច្ចប្រជុំក៏បានកត់សម្គាល់ ពីវឌ្ឍនភាពនៃដំណើរការ កសាងសហគមន៍អាស៊ាន និង បានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងសម្របខ្លួន ដើម្បីឆ្លើយតបទៅ នឹងបញ្ហាប្រឈម និងកាលានុវត្តភាពនានា ដែលកំពុងលេចឡើង ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន បានពិភាក្សាអំពីដំណើរឆ្ពោះទៅមុខ ស្តីពីទិសដៅអនាគត ដែលសហគមន៍អាស៊ាន គួរប្រកាន់យកក្រោយឆ្នាំ២០២៥ និងបានអនុម័តលក្ខខណ្ឌប្រតិបត្តិ (ToR) និងផែនទីចង្អុលផ្លូវសម្រាប់ ក្រុមការងារកម្រិតខ្ពស់ (HLTF) ស្តីពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន ។

រដ្ឋមន្រ្តីការបរទេស បានពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងការអនុវត្ត នូវគំនិតផ្តួចផ្តើមតំបន់ផ្សេងៗ រួមមាន មូលនិធិអាស៊ានឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩ មជ្ឈមណ្ឌលអាស៊ានសម្រាប់ ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និង ជំងឺដែលកំពុងកើតមាន (ACPHEED) ការរៀបចំច្រករបៀង ធ្វើដំណើរអាស៊ាន និងក្របខណ្ឌស្តារ ឡើងវិញ គ្រប់ជ្រុងជ្រោយអាស៊ាន ក្នុងកិច្ចខិតខំជម្នះជំងឺរាតត្បាតកូវីដ-១៩ និងដោះស្រាយផល ប៉ះពាល់សេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីវិបត្តិនេះ ៕

To Top