ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គួច ចំរើន អភិបាល និងជាប្រធាន គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះសីហនុ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចូលជាអធិបតីភាព ក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ជាង៤៦៨គីឡូក្រាម នៃសំណុំរឿងចំនួន២០៥ ដើម្បីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ លោក សៀង សុខ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រះសីហនុបានថ្លែងថា គ្រឿងញៀនប្រមាណជាង៤៦៨គីឡូក្រាម ដែលមន្ត្រីជំនាញបានដុតបំផ្លាញ នាពេលនេះ បង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០ ក្នុងខេត្តចំនួន៣ រួមមាន ៖ ខេត្តព្រះសីហនុ កំពត និងខេត្តកែប ។
លោកសៀង សុខ បញ្ជាក់ទៀតថា ការដុតបំផ្លាញគ្រឿងញៀន នាពេលនេះ ជាសារឆ្លើយតប និងជាសកម្មភាព ដែលបង្ហាញឲ្យសារធារណជនទូទៅ បានឃើញថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោល។
ជាមួយគ្នានេះលោក សៀង សុខ បន្ថែមថា កម្ពុជាបានប្រឈមមុខគ្រោះថ្នាក់ធ្ងន់ធ្ងរ បណ្តាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិតមែន តែមិនអាចរារាំងកិច្ចប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទូទាំងប្រទេសបានឡើយ ប៉ុន្តែគ្រាន់តែបង្កឲ្យមានផលវិបាកមួយចំនួន ក្នុងការបង្ក្រាបផងដែរ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចបានប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនជាង ៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យ ជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀន សរុបជាង ៨៥០គីឡូក្រាម ៕