កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារ នៅព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១នេះ បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយដល់មន្ត្រី នៃមន្ទីរអង្គភាពចំនួន ៣ ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។
មន្ទីរអង្គភាពទាំង ៣ ដែលមន្ត្រីជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នឹងកំពុងធ្វើចតិវេសត្វ នៅតាមអង្គភាពមនុស្ស មានដូចជា ៖ទី១. មន្ទីរផែនការខេត្តកំពង់ចាម មានមន្ត្រី ៣៦នាក់ កំពុងធ្វើចត្តាឡីស័ក
ទី២. មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម មានមន្ត្រី ២១នាក់ កំពុងធ្វើចត្តាឡីស័ក ទី៣. មន្ទីរទេសចរណ៍ខេត្តកំពង់ចាមមានមន្ត្រី ១២នាក់កំពុងធ្វើចត្តាឡីស័ក ។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូន អង្គភាពមន្ទីរនីមួយៗ ដូចៗគ្នា ដោយមន្ត្រីម្នាក់ៗ ទទួលបានអំណោយ អង្ករ ២៥ គីឡូក្រាម , មី១កេស។ ចណែកទឹកសុទ្ធ ១០កេស, ជែល ១កេស និងម៉ាស ១០០០ម៉ាស សម្រាប់ប្រើប្រាស់ក្នុងអង្គភាព ។



ទន្ទឹមនឹងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត នេះដែរ មន្រ្តីរាជការ នៃមន្ទីរទាំង៣ ក៏បានសំដែងនូវការគោរព ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកអភិបាលខេត្ត ដែលតែងតែបានយកចិត្តទុកដាក់ ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅ ព្រមទាំងមន្រ្តី ទាំងអស់ ក្រោមឱវាទ ដោយបាននាំមកនូវគ្រឿងឧបភោគ បរិភោគ ជូនដល់មន្រ្តីរាជការ ដែលកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ថែមលើការផ្គត់ផ្គង់អាហារ ៣ ពេលក្នុងមួយថ្ងៃ ក្នុងអំឡុងពេលចត្តាឡីស័ក ។
