ព័ត៌មានជាតិ

ក្រសួងសាធារណការ និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំគោលការណ៍ ធ្វើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

ភ្នំពេញ ៖ ក្រោយបញ្ចប់ការពិភាក្សាសួរដេញដោល ១៩លើក លើវិសោធនកម្មច្បាប់ ចរាចរណ៍ផ្លូវគោក ក្រុមការងារជំនាញ ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំ គោលការណ៍ឯកភាពពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។

ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើវិសោធនកម្មច្បាប់ ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឲ្យអង្គប្រជុំទាំងមូលចូលរួមផ្តល់ធាតុចូល និងមតិយោបល់ឲ្យបានផុលផុស ដើម្បីបំពេញបន្ថែម ទៅលើចំណុចខ្វះខាត នៃសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ ផ្លូវគោក ដើម្បីពន្លឿនការរៀបចំ សេចក្តីព្រាងវិសោធនកម្មច្បាប់ នេះឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរ ក្រសួងនាពេលខាងមុខ។

សូមជម្រាបជូនថា វិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សា យ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុប ចំនួន១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សា ចំនួន២លើកបន្ថែមទៀត ដែលដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី នាពេលនេះ ផងដែរ ។

លោកទេសរដ្ឋមន្ដ្រី បញ្ជាក់ថា «ក្រោយពីបានពិភាក្សាសួរដេញ ដោលចប់សព្វគ្រប់ និងដោយយល់ឃើញថា វិសោធនកម្មច្បាប់ នេះបានធ្វើ ឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ត្រូវបានធ្វើវិសោធនកម្ម អង្គប្រជុំបានឯកភាព រៀបចំចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគនៃវិសោធនកម្មច្បាប់នេះ ឱ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំគោលការណ៍ ឯកភាពធ្វើជាច្បាប់ថ្មីពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក»។

គួរកត់សម្គាល់ថា រយៈពេលកន្លងមក ការរឹតបន្តឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ពិន័យ របស់រាជរដ្ឋាភិបាលទៅលើបទ ល្មើសចរាចរណ៍ផ្លូវគោក មិនមានបំណង រកប្រាក់ចំណេញទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញ អ្នកប្រើប្រាស់ផ្លូវទាំងឡាយទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះ បានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ ៕

To Top