ព័ត៌មានជាតិ

២ថ្ងៃ បង្ក្រាបហាងផឹកស៊ី៤ទីតាំង ដែល ល្មើស បម្រាមគោចរ ក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ អនុវត្តទៅតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យ៉ាងហោចណាស់មនុស្សប្រុស-ស្រី ចំនួន១៣នាក់ ត្រូវបានគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួន ជាមួយនឹងការពិនិត្យយកសំណាក (តេស្តរហ័ស )ភ្លាមៗ ខណៈពួកគេប្រមូលផ្តុំគ្នា ពពាក់ពពូនផឹកស៊ីរាំច្រៀង ក្នុងហាងហូបចុកមួយកន្លែង ផ្គើនបម្រាមរដ្ឋបាលរាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចទីតាំង ហាងនីសាកែវព្រិល តាមបណ្តោយមហាវិមាន ឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមមន្រ្តីរដ្ឋបាលខណ្ឌពោធិសែនជ័យដែលចុះប្រតិបត្តិការ បានឲ្យដឹងថា ទីតាំងខាងលើបានបង្កើតកម្មវិធីខួបកំណើតមួយ ដោយបានជួបជុំផឹកស៊ី ជាមួយនិងការដាក់ធុងបាស់ តាំងពីក្បាលព្រលប់ រហូតដល់ម៉ោងបម្រាមគោចរនៅតែបន្តមិនឈប់ទៀត ។ លុះដល់វេលាកើតហេតុ កម្លាំងសមត្ថកិច្ច ដែលចុះល្បាតក្នុងមូលដ្ឋាន ប្រទះឃើញ ក៏បានចុះធ្វើការបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្ស១៣នាក់ ក្នុងនោះមានប្រុសម្នាក់។

ក្រោយពីបង្ក្រាបអាជ្ញាធរបានទាក់ទងទៅក្រុមគ្រូពេទ្យ មកពិនិត្យយកសំណាក តេស្តរហ័ស ប៉ុន្តែជាលទ្ធផល ពួកគេទាំង១៣នាក់នោះ អវិជ្ជមានទាំងអស់គ្នា ។ ក្រោយមក អាជ្ញាធរមានសមត្ថកិច្ច ក៏បានអប់រំណែនាំឲ្យទៅផ្ទះវិញ។ ប៉ុន្តែសម្រាប់បុរសម្នាក់ ដែលជាថៅកែហាង ត្រូវសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី ដើម្បីចាត់ការតាមច្បាប់ ដោយមិនមានការលើកលែងឡើយ។

ពាក់ព័ន្ធនឹងហាងផឹកស៊ីនេះដែរ កាលពីរសៀលថ្ងៃ៣ សីហា លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌបានដឹកនាំកម្លាំងចម្រុះ គណៈបញ្ជាការខណ្ឌចុះបិទទីតាំង KTV ចំនួន ៣ទីតាំង សរសេរស្លាកជាភោជនីយ៍ដ្ឋាន ហើយខាងក្នុង KTV ដែលនៅតែគឃ្លើន លួចបើកដំណើរការអាជីវកម្ម ល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ-ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ។ ហាង៣នោះរួមមាន៖ ១- ភោជនីយដ្ឋាន ពិភពតារ៉ាររះ , ២- ភោជនីយដ្ឋាន រស្មី ពន្លឺពេជ្រ និង៣- ភោជនីយដ្ឋានបុប្ផារាជធានី។

ក្នុងប្រតិបត្តិការចុះបិទទីតាំង KTV ទាំងបីកន្លែងនេះដែរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដកហូតសម្ភារៈមួយចំនួន ព្រមទាំងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនបានឃាត់ខ្លួនម្ចាស់ទីតាំង ឬភ្ញៀវនោះទេ ៕

To Top