ព័ត៌មានជាតិ

ទូតអង់គ្លេស រំពឹងថា វ៉ាក់សាំងប្រគល់ឲ្យកម្ពុជា នឹងស្តារជីវភាព របស់ប្រជាជនឡើងវិញ

ភ្នំពេញ ៖ លោក ម៉ាក ហ៊ែរ (Marc Thayre) ឯកអគ្គរាជទូតស្តីទីអង់គ្លេស ប្រចាំកម្ពុជា បានរំពឹងទុកជាមុនថា វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន៤១៥,០០០ដូស ដែលជាជំនួយរបស់ចក្រភពអង់គ្លេស ប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម និងស្តារជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាឡើងវិញ។

ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស ប្រគល់ជូនរាជរដ្ឋាភិបាល នារសៀលថ្ងៃទី៥ សីហា លោក Marc Thayre បានថ្លែងថា ជំងឺរាតត្បាតកូវីដ-១៩ ជាបញ្ហារបស់សកលលោកដែលទាមទារឲ្យមានដំណោះស្រាយជាសកល។ ដូច្នេះបានជាចក្រភពអង់គ្លេស កំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺកូវីដ១៩។

លោកគូសបញ្ជាក់ថា លោកពិតជារីករាយចំពោះការធ្វើការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក បានបង្ហាញការរំពឹងថា វ៉ាក់សាំងជាជំនួយនេះ នឹងជួយពង្រីក និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។

លោក ឯកអគ្គរាជទូតស្តីទីអង់គ្លេស ប្រចាំកម្ពុជា បានថ្លែងថា «វ៉ាក់សាំងជំនួយរបស់អង់គ្លេសនេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាឡើងវិញ»។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៧,៧០៤,៩៨២នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top