ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ស្នើអាជ្ញាធររាជធានី-ខេត្ត សហការជាមួយគ.ជ.ប ឲ្យពលរដ្ឋមកផ្ទៀង ផ្ទាត់ឈ្មោះបោះឆ្នោត

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវផ្ដល់កិច្ចសហការ ជាមួយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការផ្ដល់លិខិតអញ្ជើញ ប្រជាពលរដ្ឋមកផ្ទៀងផ្ទាត់ឈ្មោះ និងទន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី១២ កញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងផ្ដល់លិខិតអញ្ជើញប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០ ឲ្យមកពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដើម្បីបម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ត្រូវចូលសហការជាមួយគ្នា ៕

To Top