ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ សម្រេច យក វិថីតេជោ តំបន់ពយតាមូង សម្រាប់រៀបចំ ពិធីបុណ្យសមុទ្រ

ភ្នំពេញ៖ បើមិនមានការប្រែប្រួល ឬការរំខានដោយសារជំងឺកូវី-១៩ វិថីតេជោ តំបន់ពយតាមូង នឹងត្រូវបានរៀបចំ ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។

ការឱ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្រ្តីជំនាញ ពាក់ព័ន្ធចុះត្រួតពិនិត្យ ទីតាំងត្រៀមរៀបចំ ពិធីបុណ្យសមុទ្រ នៅតាមបណ្តោយវិថី តេជោ តភ្ជាប់ពីវិថី ២ធ្នូ មកចុងផ្លូវ ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាន៍ថា «នៅដំណាច់ឆ្នាំខាងមុខនេះ ប្រសិនបើមិនមានការប្រែប្រួល ឬការរំខានដោយសារជំងឺកូវី-១៩ នោះទេ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ»។

ជាមួយគ្នានេះ ដើម្បីឱ្យទីតាំងប្រារព្ធពិធីបុណ្យសមុទ្រ មានសោភ័ណភាព និងបរិស្ថានស្អាត រដ្ឋបាលខេត្តបាន និងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបានធំទូលាយបន្ថែមទៀត ដើម្បីរៀបចំប្រារព្ធពិធី ជាពិសេសជាការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាពេលខាងមុខ។

លោកអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភ័ណភាព ដោយត្រូវធ្វើយ៉ាងណាឱ្យបានរួចរាល់ មុនថ្ងៃនៃការរៀបចំពិធីបុណ្យសមុទ្រ៕

To Top