ព័ត៌មានជាតិ

គម្រោងរេដបូក ផ្តល់អាហាររូបករណ៍​ ថ្នាក់ឧត្តមសិក្សា ដល់និស្សិតក្រីក្រ នៃតំបន់ជួរភ្នំក្រវាញ

ភ្នំពេញ ៖ គម្រោងរេដបូក នៃតំបន់ជួរភ្នំក្រវាញខាត្បូង តាមរយៈ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រកាសផ្តល់ អាហារូបករណ៍ ដល់សិស្សក្រីក្ររស់នៅតំបន់ផ្ទៃរងទឹកភ្លៀង ជួរភ្នំក្រវាញ ចំនួន៥នាក់ ដើម្បីសិក្សាថ្នាក់បរិញ្ញាប័ត្ររយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំសិក្សា ២០២១-២០២២។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានរៀបរាប់ថា កម្មវិធីអាហាររូបករណ៍ អប់រំសហគមន៍ ត្រូវការជ្រើសរើស សិស្សកំពុងរៀនថ្នាក់ទី១២ ឬអតីតសិស្ស ដែលមានសញ្ញាបត្រទី១២ (មានសពុលភាព៣ឆ្នាំ) ដែលមានលំនៅនៅក្នុង តំបន់គោលដៅ នៃតំបន់ជួរភ្នំក្រវាញខាងត្បូងរួមមាន ឃុំជីផាត ប្រឡាយ ជំនាប់ ថ្មដូនពៅ ឫស្សីជ្រុំ អូរសោម ភូមិបាក់អង្រុត ភូមិពោធិ៍បឹង ភូមិសុណ្ណាបៃតង ភូមិជីមាល ភូមិរមាំងស ដើម្បីទទួលបានឱកាស សម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ នៅទីក្រុងភ្នំពេញ។

គម្រោងរេដបូកនៃតំបន់ជួរភ្នំក្រវាញខាត្បូង ផ្តល់ជូនរាល់តម្រូវការរបស់និស្សិតក្នុងអំឡុងពេល ៤ឆ្នាំ នៃកម្មវីធីសិក្សារួមមាន ថ្លៃសិក្សា និងប្រាក់ឧបត្ថមសម្ភារសិក្សា ថ្លៃអាហារ កន្លែងស្នាក់នៅ រួមទាំងថ្លៃទឹក ភ្លើង ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព ជាដើម។

បេក្ខជនមកពីគ្រួសារដែលមានជីវភាពខ្វះខាត មានសុជីវធម៌ល្អ និងជាសិស្សរៀនពូកែនឹងត្រូវបានលើកទឹកចិត្ត។ កន្លែងទទួលពាក្យនៅតាមសាលាឃុំ ស្នាក់ការសហគមន៍អេកូទេសចរណ៍ជីផាត និងស្ទឹងអារ៉ែង ដាក់ពាក្យបានចាប់ពីថ្ងៃជូនដំណឹងនេះទៅ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា រេដបូក (REDD+) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយ ឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ ។ រេដបូក មានគោលបំណង ដូចជា ៖ ការពារព្រៃឈើឱ្យបានគង់វង្ស សម្រាប់ជាផលប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយ ការប្រែប្រួល អាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ៕

To Top