ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាបន្ទាន់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បីត្រៀមទទួលពលករខ្មែរមកពីប្រទេសថៃ ។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កន្លងទៅនេះមាន ការបិទខ្ទប់ព្រំដែន កម្ពុជា-ថៃ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ប្រភេទ ដែលតាហើយអាជ្ញាធរ ក៏បានលិខិតខំសម្រួលទទួលយកពលករខ្មែរមកពីថៃ មកព្យាបាលជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសនោះ កម្ពុជាមានគោលបំណងបើកច្រកព្រំដែនឡើងវិញ ឲ្យបានឆាប់បំផុត។

សម្ដេចតេជោ មានប្រសាសន៍ថា «អភិបាលរាជធានី-ខេត្ត ដែលនៅខាងក្នុងដែលមានពលករត្រឡប់មកវិញ ត្រូវរៀបចំឲ្យ បានច្បាស់លាស់ ដោយខិតខំបញ្ជូនអ្នកចត្តាឡីស័ក នៅតាមមណ្ឌលដែលបានរៀបចំ ហើយមានស្ថានភាពធូរស្រាល ឲ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរបស់ខ្លួនវិញ។ ការធ្វើនេះ ដើម្បីត្រៀមរៀបចំទីកន្លែងសម្រាប់បងប្អូនវិលត្រឡប់មកពីប្រទេសថៃ ឬមណ្ឌលចត្តាឡីស័ក តាមព្រំដែន កម្ពុជា-ថៃ ដើម្បីធ្វើចត្តាឡីស័កជំនួស»។
សម្ដេចតេជោ ក៏បានណែនាំដល់អភិបាលរាជធានី-ខេត្ត រៀបចំបន្ថែម នូវទីកន្លែងធ្វើចត្តាឡីស័កសម្រាប់ទទួលពលរដ្ឋខ្មែរ វិលត្រឡប់មកពីព្រំដែន កម្ពុជា-ថៃ ចូលទៅក្នុងមណ្ឌលចត្តាឡីស័ក នៅតាមទីកន្លែងដែលបានរៀបចំ។
សម្ដេច បញ្ជាក់ថា «ម្ខាងគឺត្រូវរៀបចំកន្លែងចត្តាឡីស័កថ្មី និងម្ខាងទៀតត្រូវរៀបចំ ផ្ទេរអ្នកកំពុងធ្វើចត្តាឡីស័ក ធ្វើនៅតាមផ្ទះរបស់ខ្លួនវិញ ដើម្បីត្រៀមបំម្រុងទុកទីកន្លែងនេះ ទទួលបងប្អូនត្រឡប់មកពីប្រទេសថៃ»។

សម្ដេចតេជោ បានបញ្ជាដល់កងអង្គភាពដឹកជញ្ជូនរបស់ កងយោធពលខេមរភូមិន្ទ ឲ្យបញ្ជូនរថយន្ដបន្ថែមទៀត ដើម្បីដឹកជញ្ជូនអ្នកធ្វើចត្តាឡីស័កនៅតាមមណ្ឌលព្រំដែន កម្ពុជា-ថៃ ចូលក្នុងខេត្តរបស់ពួកគាត់មកបន្ដធ្វើចត្តាឡីស័ក ដើម្បីឲ្យមណ្ឌលចត្តាឡីស័កនៅព្រំដែន កម្ពុជា-ថៃ ទទួលពលករមកពីថៃ ដើម្បីឲ្យពួកគា ត់ធ្វើចត្តាឡីស័ក នៅតាមព្រំដែន កម្ពុជា-ថៃ។

សម្ដេចតេជោ បន្ថែមថា ប្រសិនបើពលករខ្មែរសម្រុកមកច្រើន ត្រូវធ្វើតេស្ដភ្លាមៗ ហើយបញ្ជូនគាត់ទៅខេត្តរៀងៗខ្លួន ដើម្បីធ្វើចត្តាឡីស័កនៅទីនោះ។
សម្ដេច ក៏បានអំពាវនាវដល់ក្រុមការងារ ចុះជួយរាជធានី-ខេត្ត ត្រូវជួយឧបត្ថម្ភ និងមើលខុសត្រូវទៅលើបញ្ហាទាំងនេះផងដែរ៕
