ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាដល់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ត្រូវរៀបចំយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី៣ ដល់មន្ត្រីជួរមុខនៅតាមបណ្តា ខេត្តជាប់ព្រំដែន ជាបន្ទាន់ ដោយយកសប្ដាហ៍ទី២ នៃខែសីហា ឆ្នាំ២០២១នេះ។
តាមរយៈសារសំឡេង នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមលោកជំ ទាវ ឱ វណ្ណឌី សូមអនុវត្តចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្ដាលខេត្ត នៅតាមព្រំដែន កម្ពុជា-ថៃ ដោយយកអាទិត្យ ទី២ អាចថា ខានស្អែក ឬខានស្អែកមួយ ចាប់ផ្ដើមអនុវត្តចាក់ដូសទី៣ តាមផ្នែកជួរមុខកម្ពុជា-ថៃ ទាំងអស់ ដែលត្រៀមទទួលពលករមកពីថៃ ព្រោះ បងប្អូនទាំងនេះ ទទួលហានីភ័យ បន្ទាប់ពីបងប្អូនរាប់ពាន់នាក់ពីប្រទេសថៃ ឬអាចលើស»។
សម្ដេចតេជោ ក៏បញ្ជាឲ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធ ត្រូវដឹកវ៉ាក់សាំងប្រភេទ AstraZeneca ទៅព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ កងទ័ព នរគបាល និងអ្នកពាក់ព័ន្ធជាច្រើនទៀត ព្រោះថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់នូវប្រភេទ វ៉ាក់សាំង AstraZeneca។ សម្ដេចថា មន្ត្រីតាមបណ្តាព្រំដែន មានដូចជាកងពលធំ កងពលតូច វរសេនាធំ វរសេនាតូច រាជអាវុធហត្ថ នគរបាល ពេទ្យជួរមុខ និងមន្ត្រីស៊ីវិលផ្សេងទៀត ដែលមានប្រមាណពី៣ទៅ៤ម៉ឺននាក់ ត្រូវជាអាទិភាពសម្រាប់ការចាក់ដូសទី៣ ឬដូសជំរុញ ដោយចាប់ផ្តើមពីសប្តាហ៍ទី២នៃខែសីហា នេះតែម្តង។
សម្ដេចតេជោ ក៏បានបញ្ជាឲ្យអនុវត្ត ជាបន្ទាន់ និងត្រូវតែធ្វើឲ្យបានដើម្បីកាត់បន្ថយហានីភ័យនៃការរាលដាលកូវីដ-១៩នៅតាមបណ្តោយព្រំដែន ជាពិសេសការប្រឈមនឹងមេរោគបំប្លែងថ្មី Delta។ វ៉ាក់សាំងដែលបានត្រៀមនោះ គឺ AstraZeneca ជាពិសេសវ៉ាក់សាំង ជំនួយ៤១.៥ម៉ឺនដូស ដែលទើបទទួលបានពីចក្រភពអង់គ្លេស៕