ភ្នំពេញ៖ ក្រោយពីមាន អតីតមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ជាហូរហែ បាននាំគ្នាសុំសិទ្ធិធ្វើនយោបាយ និងឈានដល់ការបង្កើតបក្សថ្មីៗ ជាបន្តបន្ទាប់នោះ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានលើកឡើងថា អ្នកជាប់បម្រាម សុំសិទ្ធិធ្វើនយោបាយ បានន័យថា ទទួលស្គាល់ថា CNRP ត្រូវបានរំលាយ។
នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះលោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «មានន័យថាចូលនិវត្តន៏ ព្រោះអតីតអ្នកជាប់បំរាម បានសុំសិទ្ធធ្វើ នយោបាយរួចហើយ។ បានសេចក្តីថា ពួកគាត់ បានទទួលស្គាល់ថា CNRP ត្រូវបានរំលាយ»។
ក្នុងករណីសុំសិទ្ធធ្វើនយោបាយនេះ លោក មាជ សុវណ្ណារ៉ា តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែត The Cambodia Daily Khmer បានបញ្ជាក់ជំហរថា «ប្ដេជ្ញាថានឹងមិនទៅណាឆ្ងាយ ពីគណបក្សសង្គ្រោះជាតិនោះទេ ហើយលោកក៏មិនល្ងង់ទៅចូលរួម ជាមួយគណបក្សនយោបាយថ្មីៗ ដែលក្បត់បក្សសង្គ្រោះជាតិដែរ»។
ដោយឡែកចំពោះ ការប្ដេជ្ញាចិត្ត របស់លោក មាជ សុវណ្ណារ៉ា នេះ ត្រូវបានលោកសយ សុភាព លើកឡើងថា «ដូច្នេះសម្លាញ់ថា មិនទៅណាឆ្ងាយពី CNRP មានន័យថាឯងដេកអោបខ្មោច ឬ ចូលនិវត្តន៏។ បើចូលនិវត្តន៏មកផឹកតែជុំគ្នា នៅតាកែវ ខាងលិចភ្នំជីសូរ»។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ បានបង្កើតបក្សចំនួន៦ ហើយរួមមាន ៖ ១-គណបក្សឆន្ទៈខ្មែរ (មានលោក គង់ មូនីកា និងលោកគង់ គាំ)។ ២-គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ) ៣-គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា) ៤-គណបក្សកំណែទម្រង់កម្ពុជា (លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) ៥-គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) និងគណបក្សកម្ពុជានិយម «ប.ក» (លោក យ៉ែម បុញ្ញឬទ្ធិ) ៕