ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្ឃឹមថា ក្រុមហ៊ុន Lexmin Pty Ltd Cambodia របស់អូស្ដ្រាលី នឹងពុះពារនាំពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្ម នៅអូស្រ្តាលី ដោយស្របច្បាប់ ដើម្បីទទួលបានមេរៀន និងបទពិសោធន៍ល្អយកមកអភិវឌ្ឍកម្ពុជា ឲ្យរីកចម្រើនបន្ថែមទៀត។

ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ក្រុមហ៊ុន Lexmin Pty Ltd Cambodia ជាមួយអគ្គនាយកដ្ឋានកសិក ម្មស្តីពី «ការជំរុញផលិតកម្មដំ ណាំស្តង់ដារសរីរាង្គ និងការពង្រឹងសមត្ថភាពកសិករ ដើម្បីទទួលបានឱកាសការងារ នៅតាមបណ្តាកសិដ្ឋាននានា ក្នុងប្រទេសអូស្រ្តាលី» នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា ក្រសួងសម្រេចបានក្នុងការជំរុញ និងបង្កើនផលិតភាពផលិតកម្មដំណាំស្តង់ដារសរីរាង្គ ដែលផលិតផលនេះ មាននិន្នាការកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាពសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

លោក បញ្ជាក់ថា «ផ្ញើក្តីសង្ឃឹមយ៉ាងមុតមាំឲ្យក្រុមហ៊ុន ខិតខំឲ្យអស់ពីលទ្ធភាពក្នុងការពុះពារនាំយកពលករកម្ពុជា ទៅបម្រើការក្នុងវិស័យកសិកម្មក្នុងប្រទេសអូស្រ្តាលីត្រឹមត្រូវ ស្របច្បាប់ ដើម្បីទទួលបានមេរៀន និងបទពិសោធន៍ល្អយកមកអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន ករណីនេះក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ គ្រប់បែបយ៉ាងតាមការចាំបាច់»។
ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏បានប្រាប់ ក្រុមហ៊ុនអូស្ដ្រាលី ថា ក្រសួង បាននិងកំពុងជំរុញយន្តការ អនុវត្តប្រព័ន្ធផលិតកម្មកសិកម្មសរីរាង្គ តាមរយៈការដាក់ចេញនូវប្រកាសពាក់ព័ន្ធ ចំនួន២ រួមមាន ៖ទី១- វិធាននៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ឆ្នាំ២០១០ និងទី២- កសិកម្មសរីរាង្គកម្ពុជា ជាយន្តការបចេ្ចកទេស ក្នុងការជំរុញ និងលើកកម្ពស់ផលិតកម្មកសិកម្មស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាពចំណីអាហារ៕
