ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ៖ ស.ស.យ.ក. ដើរតួនាទីសំខាន់ ជាមួយស្ថាប័នជាតិ-អន្តរជាតិ ដោយធ្វើឲ្យយុវជន មានមុខលើឆាកអន្តរជាតិ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក. )បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងចំណងសាមគ្គីភាពជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជាក្នុងការចូលរួមដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

លោក ហ៊ុន ម៉ានី បានលើកឡើងក្នុងប្រជុំគណៈ កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា កាល ពីពេលថ្មីៗនេះ តាមប្រព័ន្ធអនឡាញថា ក្នុងដំណាក់កាល នៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ កម្លាំងស្ម័គ្រចិត្តរបស់ ស.ស.យ.ក. បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធ នឹងការឆ្លងរាលដាលនៃ ជំងឺដ៏កាចសាហាវមួយនេះ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ក្រុមគ្រូពេទ្យ ក្នុងការបញ្រ្ជាបការយល់ដឹងពីគក្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ការចូលរួមសម្របសម្រួលចាក់វ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ ១៩ផងដែរ។

លោកថា ការងារពង្រឹង និងពង្រីកអង្គការចាត់តាំង ស.ស.យ.ក. សម្រេចបានការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនដល់ថ្នាក់មូលដ្ឋានដោយ ថ្នាក់ក្រុង ស្រុក ខណ្ឌ សម្រេចបាន ១០០% និងថ្នាក់ឃុំ សង្កាត់ បាន ៨៥,១៨%។ ដោយឡែកសមាជិក សមាជិកា ទូទាំងប្រទេសមានចំនួនប្រមាណ ១៨ម៉ឺននាក់។

លោកបញ្ជាក់ថា «ស.ស.យ.ក. ក៏បានបន្តដើរតួនាទីក្នុងការ ពង្រឹងចំណងសាមគ្គីភាព ជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជាក្នុងការចូល រួមដោយស្មើមុខស្មើមាត់ លើឆាក អន្តរជាតិ និងឱកាសទទួលការបណ្តុះបណ្តាល និងការងារតាមរយៈកិច្ចសហប្រតិបត្តិការរវាង ស.ស.យ.ក. និងបណ្តាស្ថានទូត អង្គការយុវជន បរទេស និងក្រុមហ៊ុនជាដើម»។

លោកបន្តថា យុវជន ស.ស.យ.ក. ចុះធ្វើសកម្មភាព រហូតដល់ភូមិសាស្រ្តតំបន់ដាច់ស្រយ៉ាលនានា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមដល់បងប្អូនប្រជាព លរដ្ឋដែលរស់នៅទីនោះ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្ននៅក្នុងការរស់នៅទ្វេដង។ ជាមួយគ្នានោះផងដែរ ក្រុមគ្រូពេទ្យរបស់ស.ស.យ.ក. ចំនួន២ក្រុមគឺ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តលោក ហ៊ុន ម៉ានី និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕ ដោយ ស សំណាង

To Top