ភ្នំពេញ ៖ ថ្មីៗនេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាគមសហគ្រិនស្រ្តីកម្ពុជា បានចុះហត្ថលេខា លើអនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពីការលើកកម្ពស់ បរិយាបន្នផ្នែកហិរញ្ញវត្ថុ (Financial Inclusion) និងការយល់ដឹងលើការ ទទួលបានហិរញ្ញប្បទាន របស់សហគ្រិនជាស្រ្តី។
អនុស្សរណៈនៃ កិច្ចព្រមព្រៀងរវាង ក្នុងគោលបំណង ចូលរួមចំណែកគាំទ្រ ដល់ផែនការអភិវឌ្ឍរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ឆ្លើយតបទៅនឹង យុទ្ធសាស្រ្ត ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ អេកូឡូស៊ីហិរញ្ញវត្ថុ លើកកម្ពស់ផលិតផលឥណទាន ប្រកបដោយនវានុវត្តន៍ តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោម សហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀងនោះ លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារ នៅកម្ពុជា បានឲ្យដឹងថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ នឹងបង្ហាញពីសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែងរវាង សមាគមទាំងបី ក្នុងការលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែក ហិរញ្ញវត្ថុទៅវិញទៅមក និងការសហការគ្នាលើការបណ្តុះបណ្តាល អភិវឌ្ឍន៍ទៅគ្រប់ទិដ្ឋភាពនៃវិស័យធនាគារ ជូនដល់សមាជិក ដែលជាសហគ្រិនស្រ្តី លើកកម្ពស់ការយល់ ដឹង ជាសាធារណៈទៅលើ ផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងផលិតផល ធនាគារនិងហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹង លើការទទួលបាន ហិរញ្ញប្បទានរបស់សហគ្រិនស្រ្តី និងសហគ្រាសធុនតូច និងមធ្យម ពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា «ក្រោមកិច្ចសហប្រតិបត្តិការនេះ សមាគមទាំងបីនឹងជួយចូលរួមផ្សព្វផ្សាយ និងការលើកកម្ពស់សមភាពយេនឌ័រ (Gender Equality) ហិរញ្ញប្បទានបៃតង (Green Loan) ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) និងទំនួលខុសត្រូវសង្គម (Social Responsibility) តាមរយៈការលើកកម្ពស់ការយល់ដឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព»។
ស្របគ្នានេះដែរ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលស្តីទី នៃសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា បានលើកឡើងថា «កិច្ចសហប្រតិបត្តិការ រវាងសមាគមទាំងបី នឹង ក្លាយជាចលករជំរុញ បន្ថែមដល់ការអភិវឌ្ឍ អាជីវកម្មដែលគ្រប់គ្រង ដោយសហគ្រិនជាស្ត្រី ដើម្បីចូលរួមពង្រឹង សេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ»។
លោកបន្តថា គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់ អតិថិជនជិត២លាននាក់ ក្នុងទំហំឥណទានសរុប ជាង ៧ ៧៣០ លានដុល្លារ ។ លោកក៏បានគូសបញ្ជាក់ដែរថា ភាគច្រើនលើសលុបនៃអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គឺជាស្ត្រី ដែលស្រ្តីបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ច ទាំងនៅទីក្រុង និងជនបទ។
ដោយឡែក លោកស្រី ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា មានប្រសាសន៍ថា «ចំណេះដឹងសហគ្រិនស្រ្តីមួយចំនួននៅមានកម្រិត ជាពិសេសទាក់ទងនឹងការធ្វើបញ្ជីគណនេយ្យមួយ ដែលមានភាពជាក់លាក់ និងត្រឹមត្រូវ ព្រមទាំងបញ្ហាផ្សេងៗទៀត ដែលកត្តាទាំងអស់នេះ ធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពិបាក ក្នុងការផ្តល់កម្ចីដល់ សហគ្រិនជាស្រ្តីឱ្យបានតាមតម្រូវការ»។
លោកស្រី បន្ថែថា ក្រោមកិច្ច សហការនេះ សមាគមហិរញ្ញវត្ថុទាំងពីរ នឹងជួយពង្រឹងសមត្ថភាពដល់ស្រ្តី តាមរយៈការបណ្តុះបណ្តាល ឱ្យយល់ដឹងស៊ីជម្រៅ លើបញ្ជី គណនេយ្យជាក់លាក់ របាយការណ៍ហិរញ្ញវត្ថុ ការកត់ត្រាចំណូលចំណាយ ឲ្យបានត្រឹមត្រូវ ព្រមទាំងស្នើសុំដល់ សមាគមហិរញ្ញវត្ថុទាំងពីរ ជួយកែសម្រួលបែបបទ ក្នុងការផ្តល់ឥណទានដល់សហគ្រិន ជាស្រ្តីឲ្យបានកាន់តែធំទូលាយ មានភាពងាយស្រួលជាងមុន និងអត្រាការប្រាក់សមរម្យ។
សូមបញ្ជាក់ថា អនុស្សារណៈស្តីពីការលើកកម្ពស់ បរិយាបន្ន ហិរញ្ញវត្ថុ បានចុះហត្ថលេខា នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ និងមានសុពលភាព រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។ អនុស្សារណៈ នៃកិច្ចព្រមព្រៀងនេះមាន៣ច្បាប់ ដើម ដោយភាគីនីមួយៗ រក្សាទុក១ ច្បាប់ដើម។ សមាគមទាំងបី រួមជាមួយ នឹងសមាជិករបស់ខ្លួន នឹងប្តេជ្ញាអនុវត្ត និង ចែករំលែករួមគ្នា ក្នុងលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីឲ្យអនុស្សារណៈនេះ ទទួលបានលទ្ធផល ដែលឆ្លុះបញ្ចាំងឱ្យបានល្អបំផុត ពីបំណងពិត និង គោលការណ៍ដើម រវាងសមាគមទាំងបីនេះ៕