ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ការផ្តល់ជម្រើសឲ្យប្រជាពលរដ្ឋ នៅតាមសហគមន៍ ក្នុងការចិញ្ចឹមសត្វយកសាច់ ដូចជា ៖ គោ ក្របី ចៀម និងពពែ បានធ្វើឲ្យពួកគេមានភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ព្រោះចំណាយពេលវេលាតិច តែអាចចំណេញច្រើន ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ រហូតទល់ពេលនេះ ក្រសួងបានផ្តល់ពូជក្របី ២១៦ក្បាល ,សត្វគោខ្មែរ ចំនួន ១៥៣ក្បាល ,គោពូជកាត់ ចំនួន៦១ក្បាល ,គោបាចំនួន ៦ក្បាល ,ចៀមចំនួន ២៤៧ក្បាល ,ពពែចំនួន២៦៧ក្បាល និងពូជជ្រូកឦសាន ចំនួន ៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងកងទ័ព សម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល ។
ការផ្តល់ឲ្យនោះរួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅខេត្តព្រះវិហារ , តំបន់ការពារធម្មជាតិចំនួន២ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី (ដែនជម្រកសត្វព្រៃកែវសីម៉ា និងដែនជម្រកសត្វព្រៃស្រែពក) , បញ្ជាការដ្ឋាននៃយោធភូមិភាគ១ , កងយោធពលខេមរភូមិន្ទ និងកសិដ្ឋានប្រជាពលរដ្ឋចិញ្ចឹមសត្វនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ផងដែរ។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាត់ទុកថា ការចិញ្ចឹមសត្វ មិនត្រឹមតែចូលរួមការពារបរិស្ថាននិងព្រៃឈើទេ តែបានចូលរួមចលនាដល់សហគមន៍មូលដ្ឋាន មានចំណូលខ្ពស់ មានជីវភាពធូរធារនិងចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ។
ចាប់ពីឆ្នាំ២០១៧ ដល់២០២០ ក្រសួងបរិស្ថាន បានផ្តល់ទុនដោយឡែក ដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិចំនួន ៣២សហគមន៍ ក្នុងនោះ មានសមាជិកសហគមន៍ចំនួន ៩៥០គ្រួសារ ដែលគ្រួសារចំនួន៣១៧គ្រួសារ ទទួលបានពូជគោចំនួនពី១-៣ក្បាលក្នុងមួយគ្រួសារ ។ គ្រួសារចំនួន២២០ ទទួលបានពូជជ្រូកឦសាន ៣ក្បាលក្នុងមួយគ្រួសារ ។ គ្រួសារចំនួន៣៦៨ ទទួលបានមាន់ពី១៥-៤០ក្បាលក្នុងមួយគ្រួសារ។ គ្រួសារទាំងអស់នោះ បានផ្តល់ផលសត្វទៅដល់សមាជិកសហគមន៍ផ្សេងទៀត ដើម្បីពង្រឹងងជីវភាពជាបន្តបន្ទាប់ផងដែរ ៕