Covid-19

វីរុសកូវីដ១៩ អាល់ហ្វា បន្តបំប្លែងខ្លួនថ្មីទៀត ទៅជាប្រភេទ E484K អាចទៅកាត់ផ្តាច់ ប្រព័ន្ធភាពសុំាមនុស្ស

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា កម្ពុជា និងពិភពលោក កំពុងមានក្តីកង្វល់យ៉ាងខ្លាំង ពីវីរុសកូវីដ១៩ ឈ្មោះអាល់ហ្វា បានបន្តបំប្លែងខ្លួនថ្មីទៀត ទៅជាប្រភេទ E484K ដែលអាចឈានទៅកាត់ផ្តាច់ នូវប្រព័ន្ធភាពសុំារបស់មនុស្ស ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា មកដល់ពេលនេះ គេសង្កេតឃើញ វីរុសកូវីដ១៩នេះ បានរាតត្បាតនៅលើសកលលោក ដែលប្រភេទអាល់ហ្វា ត្រូវបានគេរកឃើញបន្តទៀត នូវការបំប្លែងខ្លួនទៅជាប្រភេទ E484K ដែលធ្វើឲ្យពិភពលោក មានការព្រួយបារម្ភខ្លាំង ។

លោកស្រីថា “អ្នកវិទ្យាសាស្រ្តមានការសង្ស័យ ប្រភេទវីរុសនេះ អាចទៅកាត់ផ្តាច់ ឬធ្វើដំណើរឆ្លងកាត់បានទៅនឹង ប្រព័ន្ធភាពសុំារបស់មនុស្ស” ។

លោកស្រីបញ្ជាក់ទៀតថា ដោយសារវីរុសបំប្លែងថ្មីប្រភេទ E484K នេះ ទើបមានការអំពាវនាវ ឲ្យបណ្តាប្រទេសទាំងអស់ ខិតខំទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យវីរុសប្រភេទ E484K ចរាចរណ៍ក្នុងលក្ខណៈទូលំ ទូលាយ នឹងធ្វើឲ្យវីរុសនេះ មានលទ្ធភាពក្នុងការបំប្លែងខ្លួនតទៅទៀត ខណៈពពួកអាល់ហ្វាបានចរាចរណ៍១៨២ប្រទេសនៅលើសកលលោក។

អ្នកនាំពាក្យក្រសួងសុខាភិបាលបន្តថា “វីរុសដែលបំប្លែងថ្មីនេះ យើងសង្កេតឃើញថាវាបានធ្វើឲ្យ មានការប៉ះពាល់ទៅ ដល់សួតយើងយ៉ាងធ្ងន់ធ្ងរ ។ នេះគឺជាការសង្កេតរបស់យើង ហើយអ្នកវិទ្យាសាស្ដ្រក៏ គេសង្កេតឃើញបែបនេះដែរ” ។

លោកស្រី ឱ វណ្ណឌីន ឲ្យដឹងបន្តទៀតថា វីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីនៅកម្ពុជា មានអាល់ហ្វា និងដែលតា ខណៈវីរុសកូវីដ១៩ បំប្លែងថ្មីទៀតប្រភេទ E484K ដែលជាវីរុសបំប្លែងខ្លួនពីអាល់ហ្វា មិនទាន់រកឃើញនៅកម្ពុជានោះទេ ប៉ុន្តែទាមទារឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន៕

To Top