នយោបាយ

លោក ជិន ម៉ាលីន ចាត់ទុកសេចក្ដីថ្លែងការណ៍ អ្នករាយការណ៍ពិសេស និងអ្នកជំនាញ​ សិទ្ធិមនុស្ស អ.ស.ប គ្មានមូលដ្ឋានច្បាស់លាស់

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានចាត់ទុកសេចក្ដី ថ្លែងការណ៍របស់ អ្នករាយការណ៍ ពិសេស ស្តីពីស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជា និងអ្នកជំនាញសិទ្ធិមនុស្ស នៃអង្គការ សហប្រជាជាតិ (អ.ស.ប) គឺគ្មានមូលដ្ឋាន រឹងមាំផ្នែកច្បាប់នៅកម្ពុជា ដោយទទួលយករបាយការណ៍ ពីក្រុមមាននិន្នាការប្រឆាំង រាជរដ្ឋាភិបាលតែប៉ុណ្ណោះ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីធីត ម៉ាន់ត្រាផន រួមជាមួយអ្នកជំនាញ សិទ្ធិមនុស្ស អ.ស.ប ចំនួន៤រូបទៀត បានសម្តែងកង្វល់ទាក់ទងនឹង ការបន្តឃុំខ្លួនបណ្តោះអាសន្នទៅលើអ្នកការពារសិទ្ធិមនុស្ស រួមមាន ៖ កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក កើត សារ៉ាយ, លោក ថា ឡាវី, កញ្ញា អេង ម៉ាឡៃ, លោក លោក មួង សុភ័ក្រ្ត និងលោក មាន ព្រហ្មមុនី ដែលហាក់ដូចជា ត្រូវបានឃុំខ្លួនដោយបំពាន និងដកហូតសេរីភាពរបស់ពួកគេ ដោយគ្រាន់តែធ្វើការឆ្លើយតប ទៅនឹងការងារស្របច្បាប់ និងដោយសន្តិវិធី របស់ពួកគេ ក្នុងការការពារសិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋាននៅកម្ពុជា ។

លោក ជិន ម៉ាលីន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ថា «បើខ្ញុំមើលទៅ សេចក្ដីថ្លែងការណ៍នេះ គឺផ្អែកទៅលើរូបភាព ខាងក្រៅ ហើយទទួលរបាយការណ៍ ពីក្រុមនិន្នាការប្រឆាំងតែប៉ុណ្ណោះ ។ អត់ផ្អែកទៅលើស្ថានភាព ជាក់ស្ដែង និងទិដ្ឋភាពច្បាប់ ដែលមាននៅកម្ពុជា។ បានន័យថា គេអត់ធ្វើការពិចារណា ហើយយើងឃើញថា សេចក្ដីថ្លែងការណ៍ អត់មានមូលដ្ឋានរឹងមាំផ្នែកច្បាប់»។

លោកបន្ដថា អ្នករាយការណ៍ពិសេស និងអ្នកជំនាញសិទ្ធិមនុស្ស មិនបានពិចារណាពីសកម្មភាព របស់អ្នកជាប់ឃុំខ្លួន ទាំងនោះ តើវាជាសកម្មភាព បំពានច្បាប់ដែរឬអត់? តើបង្កើតបានជាបទល្មើសឬអត់? ទៅតាមបញ្ញត្តិច្បាប់របស់កម្ពុជា ក្រៅពីការសន្និដ្ឋាន ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដោយផ្អែកលើរូបភាពតែប៉ុណ្ណោះ។ លោកថា «រូបភាពហ្នឹង ដោយសារយើងអនុវត្តច្បាប់លើសកម្មជន បានគេចោទ អាហ្នឹងជាការរំលោភសិទ្ធិ»។

លោកបញ្ជាក់ថា សម្រាប់អនុវត្តច្បាប់ទៅលើជនទាំងនោះ គេមានមូលដ្ឋាន និងភស្តុតាងយ៉ាងច្បាស់លាស់ ចេញពីការស៊ើបអង្កេត ដែលបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាសកម្មភាពល្មើសច្បាប់ ទើបមានការចោទប្រកាន់ និងដំណើការនិតិវិធីតាមផ្លូវច្បាប់។

លោកបន្ថែមថា មធ្យោបាយតាមផ្លូវ ដើម្បីការពារជនជាប់ចោទទាំងអស់នេះ គឺស្វែងរកមូលដ្ឋាន ភស្តុតាង ឲ្យបានរឹងមាំតាមផ្លូវច្បាប់ ក្នុងការដោះបន្ទុក ហើយចូលរួមក្នុងដំណើរការតាមនិតិវិធីរបស់តុលាការ ទើបអាចជួយបាន។ លោកថា សេចក្ដីថ្លែងការណ៍របស់ក្រុមមាននិន្នាការប្រឆាំង គ្មានមូលដ្ឋានផ្នែកច្បាប់ឲ្យរឹងមាំ ក្រៅពីការចោទប្រកាន់ ធ្វើទុក្ខបុកម្នេញ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើរបាយការណ៍ និងសេចក្ដីថ្លែងការណ៍ ដែលគ្មានមូលដ្ឋាន រឹងមាំផ្នែកច្បាប់ ក្រៅពីការចោទប្រកាន់ វាអត់មានឥទ្ធិពលអីផ្នែកច្បាប់នោះទេ នៅក្នុងសង្គមជាតិប្រជាធិបតេយ្យ ហើយសមត្ថកិច្ចមានមូលដ្ឋានរឹងមាំយ៉ាងច្បាស់លាស់ ផ្អែកតាមទិដ្ឋភាពរបស់កម្ពុជា»។

សូមបញ្ជាក់ថា សកម្មជនទាំង៧នាក់ខាងលើនោះ ត្រូវបានចាប់ខ្លួនកាលពីអំឡុង ខែសីហា និងកញ្ញា ឆ្នាំ២០២០ ក្រោយបានបះបោរ ឲ្យតវ៉ាទាមទារដោះលែង លោក រ៉ុង ឈុន ។ តុលាការ ចោទប្រកាន់ពីបទ “ញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬញុះញង់បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដែលប្រឈមជាប់ ពន្ធនាគារពី ៦ខែដល់ ២ឆ្នាំ ៕

To Top